កិត្តិយស! បន្ទប់ Messi សម្រាកអំឡុង World Cup ត្រូវកែច្នៃទៅជាសារមន្ទីរ

បន្ទប់ដែល Lionel Messi សម្រាកអំឡុងពេលលេងនៅ World Cup 2022 ក្នុងប្រទេសកាតា ត្រូវបានគេរៀបចំឱ្យទៅជាសារមន្ទីរតូចមួយ និងត្រៀមបើកឱ្យអ្នកគាំទ្រទៅចូលមើលផងដែរ។
Messi បានជាប់ឈ្មោះជាកីឡាករល្អបំផុតនៅ World Cup 2022 ដោយរកបាន៧គ្រាប់ និងជួយអាហ្សង់ទីនលើកពាន World Cup ផងដែរ ក្រោយពីខកខានតាំងពីឆ្នាំ១៩៨៦មក។ ការធ្វើបានល្អ និងសម្រេចក្ដីបំណងធំនៃពលរដ្ឋអាហ្សង់ទីននេះហើយ ទើបកេរ្ដិ៍ឈ្មោះរបស់គេនៅពេលនេះកាន់តែល្បីឡើង និងត្រូវបានគេចាត់ទុកថាជា GOAT ម្នាក់នៅក្នុងវិស័យបាល់ទាត់ថែមទៀតផង។
ខណៈដែលអ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺកន្លែងគេងរបស់ Messi អំឡុងការប្រកួតនៅ World Cup ក៏ត្រូវបានកាតារៀបចំជាពិសេសដើម្បីកែច្នៃទៅជាសារមន្ទីរតូចមួយផងដែរ។ នៅពេលដែលការរៀបចំរួចរាល់ គេក៏នឹងបើកឱ្យមានអ្នកចូលមើលបន្ទប់គេងរបស់វីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះផងដែរ៕