កីឡាករ Man Utd នឹងបានម្នាក់ៗកន្លះលានដុល្លារ បើជួយក្លឹបឈ្នះពាន៤រដូវកាលនេះ

សមាជិកក្រុមបិសាចក្រហម Manchester United ទាំងអស់គ្នា នឹងទទួលបានម្នាក់ ៤៨៥ ០០០ផោន ឬជាង៥០ម៉ឺនដុល្លារ ប្រសិនបើពួកគេអាចជួយក្លឹបឈ្នះពានរង្វាន់៤នៅរដូវកាលនេះ។
ក្រុម Man Utd ទើបឈ្នះពាន Carabao Cup កាលពីពេលកន្លងទៅនេះ ហើយពួកគេនៅសល់ឱកាសឈ្នះពានដល់ទៅ៣ផ្សេងទៀតគឺ FA Cup , Europa League និង English Premier League ។ កាលពីឈ្នះ Carbao Cup សមាជិកបិសាចក្រហមបានប្រាក់លើកទឹកចិត្ត ៦៥ ០០០ផោនម្ដងទៅហើយ។ ដូច្នេះនៅសល់ពាន៣ទៀត ប្រសិនបើអាចឈ្នះទៀត ក៏នឹងទទួលបានប្រាក់លើកទឹកចិត្តកាន់តែច្រើនទៀតដែរ។
សមាជិកក្រុមទាំងអស់នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទៀតប្រមាណជា ៨៥ ០០០ផោនក្នុងម្នាក់ ប្រសិនបើឈ្នះពាន FA Cup និង Europa League បាន។ ហើយប្រសិនបើអាចឈ្នះដល់ពាន Premier League ទៀត នោះម្នាក់ៗនឹងទទួលបានប្រាក់លើកទឹកចិត្តរហូតដល់ ២៥០ ០០០ផោនបន្ថែមទៀត ព្រោះ Premier League នេះ Man Utd ខានឈ្នះ១០ឆ្នាំមកហើយ។ ដូច្នេះសរុបជារួមទៅ យ៉ាងតិច៥០ម៉ឺនដុល្លារក្នុងម្នាក់ នឹងទទួលបាន ប្រសិនបើពួកគេអាចលើកពាន៤នារដូវកាលនេះ៕