Share this post:
ថ្នាក់ដឹកនាំ គ្រូបង្វឹក ក៏ដូចជាមិត្តរួមក្រុមក្លឹប Manchester United បានបង្ហាញក្ដីមិនសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo និយាយរិះគន់ក្លឹបដោយបើកចំហនៅក្នុងទំព័រសារព័ត៌មាន។ នេះបើតាមការចុះផ្សាយរបស់អ្នកយកព័ត៌មាន Sky Sports។
លោក Kaveh Sohekol បានអះអាងនៅក្នុងបណ្ដាញ Twitter លោកថា លោក Erik Ten Hag ក៏ដូចជាកីឡាករដទៃទៀត ទើបតែទទួលព័ត៌មាននេះនៅពេលដែលធ្វើដំណើរត្រលប់ពីការប្រកួតជាមួយក្លឹប Fulham មកទីក្រុងមេនឆេស្ទើរវិញប៉ុណ្ណោះ។
អ្នកកាសែតរូបនេះបានបន្ថែមថា ថ្នាក់ដឹកនាំក្លឹបបានហួសចិត្ត និងមានភាពងឿងឆ្ងល់ ដោយមិនយល់ថា ហេតុអ្វីបាន Ronaldo និយាយដូច្នេះ។ ខាង Man Utd ក៏កំពុងតែគិតគូរពីវិធានការនានា ដើម្បីឆ្លើយតបនឹងទង្វើរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់នេះផងដែរ។
សូមបញ្ជាក់ផងដែរថា Ronaldo អវត្តមានពីការប្រកួតរវាងក្លឹបបិសាច និង Fulham ដោយយកហេតុផលថា ខ្លួនឈឺ ក្រោយពេលដែលកីឡាកររូបនេះមិនត្រូវបានជ្រើសរើសក្នុងជម្រើស ១១នាក់ដំបូងរបស់ក្លឹប៕