Share this post:
ប្រធានក្រុម Manchester United កីឡាករ Harry Maguire ត្រូវបានក្លឹប West Ham United ចង់បានក្នុងលក្ខណ្ធខ្ចីជើងក្នុងខែនេះចំពេលដែលខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះធ្លាក់ទម្រង់លេងនៅ Old Trafford។
Maguire វ័យ២៩ឆ្នាំបានបង្ហាញខ្លួន១៥ដងក្នុងការប្រកួតនានា ប៉ុន្តែមានតែ៧ដងប៉ុណ្ណោះដែលគាត់ជាប់ក្នុងជម្រើសដំបូង។ គ្រូបង្វឹកក្រុមបិសាចក្រហម Erik ten Hag បានពេញចិត្តខ្សែការពារ Raphael Varane និង Lisandro Martinez ជាជាងរូបគាត់។ អ្នកចាត់ការសញ្ជាតិហូឡង់ក៏បានជ្រើសរើសប្រើប្រាស់ខ្សែការពារឆ្វេង Luke Shaw ជាខ្សែការពារកណ្តាលបណ្តោះអាសន្ន ជាជាងចាប់ផ្តើម Maguire។
នោះបាននាំឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងចំពោះអនាគតរបស់អតីតខ្សែការពារ Leicester City នៅ Manchester United។ យោងតាម Mirror បិសាចក្រហមបានត្រៀមខ្លួនរួចជាស្រេចក្នុងការខាតបង់យ៉ាងធំធេងលើ៨៥ លានផោនដែលពួកគេបានចំណាយសម្រាប់ Maguire ក្នុងឆ្នាំ២០១៩។
West Ham ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ ក្រុមញញួរដែកកំពុងតែជួបការលំបាកក្នុងការប្រកួតលីគ ដោយធ្លាក់ចុះក្នុងចំណាត់ថ្នាក់លេខ១៨ ដោយចាញ់១២ប្រកួតក្នុងចំណោម១៨ប្រកួត។ ក្រុមរបស់លោក David Moyes កំពុងស្ថិតនៅតំបន់កាត់ចោលដ៏មានសក្តានុពល៕