Share this post:
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ច្បាស់ហើយពីគោលដៅរបស់គេក្នុងការមកលេងនៅក្លឹប Al Nassr ក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតនេះ ដោយចង់ជួយអភិវឌ្ឍវិស័យបាល់ទាត់និងបណ្ដុះស្មារតីយុវជនឱ្យខិតខំប្រឹងប្រែង។
ក្លឹប Al Nassr បានធ្វើពិធីបង្ហាញខ្លួន Cristiano Ronaldo នៅចំពោះមុខអ្នកគាំទ្រ ២៥ ០០០នាក់និងនៅខាងក្រៅកីឡដ្ឋានជាច្រើនពាន់នាក់ទៀត។ ក្នុងឱកាសនោះដែរ Ronaldo បាននិយាយពាក្យជាច្រើនទៅកាន់អ្នកគាំទ្រដែលគាំទ្រនិងគោរពស្រលាញ់ដល់រូបគេក្នុងការមកលេងនៅក្លឹបថ្មីនេះ។ Ronaldo អះអាងថាបើទោះជាខ្លួនមានតម្លៃខ្លួនលើសគេ និងល្បីឈ្មោះយ៉ាងណាក្ដី ប៉ុន្ដែគេចង់ឱ្យក្លឹបនិងអ្នកគាំទ្រធ្វើដាក់ខ្លួនឱ្យដូចធ្វើដាក់កីឡាករក្នុងក្រុមដទៃទៀតដែរ។ ការមកដល់របស់ Ronaldo គឺមិនមែនមកធ្វើជាម្ចាស់នោះទេ ប៉ុន្តែមកដើម្បីជួយអភិវឌ្ឍបាល់ទាត់ប្រទេសនេះ។
Ronaldo បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តក្នុងការមកទីនេះ។ ខ្ញុំក៏មានមោទកភាពក្នុងការសម្រេចចិត្តដ៏ធំក្នុងជីវិតនេះដែរ។ ការងាររបស់ខ្ញុំនៅអឺរ៉ុបចប់ហើយ ខ្ញុំឈ្នះគ្រប់យ៉ាង។ កុងត្រានេះគឺប្លែកខុសពីគេ ហើយខ្ញុំក៏ជាកីឡាករតែមួយគត់ដែលធ្វើបានដែរ ដូច្នេះសម្រាប់ខ្ញុំគឺធម្មតា។ អរគុណដល់ Al Nassr ដែលផ្ដល់ឱកាសនេះឱ្យខ្ញុំដើម្បីជួយអភិវឌ្ឍវិស័យបាល់ទាត់ ក្រៅពីការលេងបាល់។ យុវជនជំនាន់ក្រោយគឺពិតជាសំខាន់ ខ្ញុំចង់មកទីនេះដើម្បីផ្លាស់ប្ដូរការគិតរបស់យុវជនជំនាន់ក្រោយ”៕