គ្រូថ្មី Tuchel ថា Bayern នឹងឈ្នះគ្រប់ពានរង្វាន់ទាំងអស់នៅរដូវកាលនេះ

លោក Thomas Tuchel បានបង្ហាញមុខជាផ្លូវការហើយក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុម Bayern Munich ក្រោយពីការប្រកាសយ៉ាងភ្ញាក់ផ្អើលមួយកាលពីប៉ុន្មានថ្ងៃមុននេះ។
Bayern Munich បានដកលោក Julian Nagelsmann ចេញពីតំណែងអ្នកចាត់ការកាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រោយពីថ្នាក់ដឹកនាំមិនពេញចិត្តចំពោះការដឹកនាំរបស់លោកក្នុងលីគ។ ស្របពេលលិខិតប្រកាសដកនោះទេ ក៏មានការបញ្ជាក់ពីវត្តមានរបស់លោក Tuchel មកដឹកនាំបន្ដភ្លាមៗផងដែរ។ លោក Tuchel ដែលដឹកនាំ Chelsea ឈ្នះពាន UCL កាលពីឆ្នាំ២០២១ មិនទាន់មានក្លឹបដឹកនាំស្រាប់នោះ ក៏ទទួលយកឱកាសនេះភ្លាមៗផងដែរ។
គ្រូបង្វឹកដែលធ្លាប់ដឹកនាំ PSG ផង ដឹកនាំ Chelsea ផងខាងលើបានបង្ហាញអារម្មណ៍ថា៖ “ខ្ញុំទទួលយកសំណើររបស់ Bayern Munich ភ្លាម។ វាជាមោទកភាពមួយដែលពួកគេទុកចិត្តលើខ្ញុំមកដឹកនាំក្រុមនេះ។ DNA របស់ក្លឹបគឺជ័យជម្នះ។ Bayern អាចប្រកួតប្រជែងគ្រប់ទីកន្លែង។ នៅអង់គ្លេស និងបារាំង ពិតជាគោរពដល់ក្លឹបនេះណាស់។ គ្មាននរណាចង់ជួបនោះទេ។ យើងអាចឈ្នះពានគ្រប់យ៉ាងនៅរដូវកាលនេះ”៕