Share this post:
លោក Graham Potter គ្រូបង្វឹករបស់ក្រុម Chelsea បាននិយាយតបទៅអ្នករិះគន់វិញ ថាការចំណាយរបស់ក្លឹប គឺស្របទៅតាមច្បាប់ និងអ្វីដែលត្រូវចំណាយមិនមានការបន្លំអ្វីនោះទេ។
ក្រុម Chelsea បានចំណាយប្រាក់ច្រើនខ្លាំងមែនទែនទៅលើការទិញដូរកីឡាករ ដោយខ្ទង់ចំណាយរបស់គេលើសក្លឹបដទៃទៀតច្រើន។ មានមតិជាច្រើនរិះគន់ទៅលើការចាយវាយបែបនេះ ហើយក្នុងនោះក៏មានអ្នកចាត់ការក្រុមផងដែរ។ តែអ្វីដែលនិយាយនោះមិនអាចធ្វើឱ្យ Chelsea កែប្រែចិត្តនោះទេ។ បើតាមលោក Potter ដែលជាគ្រូបង្វឹកអះអាងថានឹងមានការចាយវាយបន្ថែមទៀត ប្រសិនបើក្រុមនៅមិនទាន់ល្អគ្រប់គ្រាន់។
គ្រូបង្វឹកដែលទើបចូលដឹកនាំ និងមិនទាន់អាចកសាងក្លឹបឱ្យល្អប្រសើរនៅឡើយនោះ និយាយបែបនេះថា៖ “វាជារឿងធម្មតា ព្រោះយើងបានចំណាយប្រាក់ដែលយើងត្រូវចំណាយ។ យើងត្រូវការពង្រឹងក្រុមឡើងវិញ យើងត្រូវការដោះស្រាយបញ្ហានៅក្នុងក្រុម យើងត្រូវការក្រុមមួយដែលល្អ នោះជាអ្វីដែលយើងកំពុងធ្វើ”។ នៅខែមករាកន្លងទៅនេះ Chelsea ចំណាយជាង៣០០លានផោនទៅលើការទិញកីឡាករ ខណៈដែលរដូវក្ដៅកន្លងទៅចំណាយជិត៣០០លានផោនទៀត។ ដូច្នេះរដូវកាលដំបូងក្រោមការដឹកនាំរបស់ម្ចាស់ក្លឹបថ្មីលោក Todd Boehly គឺ Chelsea ចាយជិត៦០០លានផោនទៅហើយ៕