Share this post:
អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag មានចេតនាលក់ប្រធានក្រុម Harry Maguire ក៏ដូចជាអនុញ្ញាតឱ្យ Fred ចាកចេញនៅពេលផុតកំណត់នៃកិច្ចសន្យា។
Maguire ត្រូវបានក្លឹបចំណាយប្រាក់ ៨០លានផោនក្នុងឆ្នាំ២០១៩ ហើយត្រូវបានតែងតាំងជាប្រធានក្រុមនៅខែមករាឆ្នាំ២០២០ បន្ទាប់ពីការចាកចេញរបស់ Ashley Young។
គាត់បង្ហាញទម្រង់លេងមិនល្អនៅប៉ុន្មានប្រកួតនាដើមរដូវកាល Premier League និងបានបន្តធ្លាក់ចុះទម្រង់លេងបន្ទាប់ពីការមកដល់របស់កីឡាករ Lisandro Martinez នៅរដូវក្តៅ។
តារាអាហ្សង់ទីន Martinez ដែលធ្លាប់បានធ្វើការជាមួយ Ten Hag នៅ Ajax បានធ្វើជាខ្សែការពារកណ្តាលគ្រប់ការប្រកួតដោយចាប់ដៃគ្នាជាមួយ Raphael Varane។ Maguire ត្រូវបានគេមើលឃើញថាជាជម្រើសទីបួន ខណៈដែល Victor Lindelof នៅតែអាចរក្សាបាននូវជម្រើសនាំមុខគេផងដែរ។
Man United បានដឹងច្បាស់ថាពួកគេនឹងខាតបង់យ៉ាងខ្លាំងលើ Maguire ប្រសិនបើគាត់ផ្លាស់ចេញនៅរដូវក្តៅក្រោយ ប៉ុន្តែគេនឹងនៅតែពិចារណាលើសំណើរដេញថ្លៃពីក្លឹបដទៃ។
លោក Ten Hag កោតសរសើរនូវវិជ្ជាជីវៈ និងក្រមសីលធម៌ការងាររបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ប៉ុន្តែចាត់ទុកការខ្វះល្បឿនរបស់គាត់ជាបញ្ហាដ៏សំខាន់។ ការអនុញ្ញាតឱ្យ Maguire ចាកចេញនឹងអនុញ្ញាតឱ្យ United ចុះហត្ថលេខាលើកីឡាករដែលមានគុណភាពបន្ថែមដើម្បីប្រកួតប្រជែងជាមួយ Martinez និង Varane។
នៅពេលនិយាយដល់ Fred កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៣ ដោយក្លឹបមិនរំពឹងថានឹងបន្តកុងត្រាបន្ថែមមួយឆ្នាំទៀតនោះទេ។
Ten Hag ចង់ជួសជុលខ្សែបម្រើរបស់ United ហើយបានបន្តធ្វើដូច្នេះជាមួយនឹងការចុះហត្ថលេខារបស់ Christian Eriksen និង Casemiro។
Fred ដែលជាជម្រើសដំបូងជាមួយ Scott McTominay ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer និង Ralf Rangnick ប៉ុន្តែពួកគេធ្លាក់ចុះយ៉ាងខ្លាំងនៅក្រោមការដឹកនាំរបស់លោក Ten Hag៕