តារាឆ្នើម R.Madrid ម្នាក់ កំពុងទាមទារលក្ខខណ្ឌពិសេសមួយ មុនពេលយល់ព្រមតកុងត្រាថ្មី

យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយមួយពីសារព័ត៌មាន Sport បានបង្ហាញឱ្យដឹងថាកីឡាករកាន់ឆ្នាំរបស់ក្រុមស្តេចស Real Madrid មួយរូប ចង់ទទួលបានការធានា ទៅលើការចូលលេងទៀងទាត់សម្រាប់ក្រុម មុនពេលយល់ព្រមចុះហត្ថលេខាថ្មីបន្ថែមទៀត នៅទឹកដី Santiago Bernabeu ។
ជាក់ស្តែង កីឡាករដែលចង់សំដៅលើនោះ គឺខ្សែបម្រើ Toni Kroos ខណ:ពេលដែលកុងត្រាបច្ចុប្បន្នរបស់គេ នឹងឈានដល់ពេលចុងក្រោយហើយ នៅដំណាច់រដូវកាលក្រោយ បន្ទាប់ពីបានចាយពេលអស់ ៨ ឆ្នាំជាមួយក្លឹប កន្លងមកនេះ។
គួរឱ្យដឹងផងដែរថាខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ នៅតែបានដើរតួយ៉ាងសំខាន់ សម្រាប់ក្រុមរបស់លោក Ancelotti នៅរដូវកាលនេះ ជាមួយនឹងការបង្ហាញខ្លួន នៅជម្រើសដំបូង ១៦ ប្រកួតរួចមកហើយ ។
តែទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ Kroos ហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ដោយសារតែក្លិប Madrid បច្ចុប្បន្ន កំពុងធ្វើការរៀបចំតំបន់បម្រើរបស់ខ្លួនឡើងវិញ ជាមួយនឹងការចុះហត្ថលេខាលើ Aurelien Tchouameni និង Eduardo Camavinga ។
ដូច្នេះហើយ ទើបប្រភពខាងលើបានបង្ហាញថា Kroos នឹងធ្វើការទាមទារសម្រាប់លក្ខខណ្ឌពិសេសមួយ ពីគ្រូបង្វឹក ដើម្បីផ្តល់ឱកាសដល់គេ អាចបង្ហាញខ្លួនទៀងទាត់នៅក្នុងក្រុម ប្រសិនបើក្លិប មានបំណងចង់ផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត មកកាន់គេនោះ ៕