តារាបាល់ទាត់ប្រេស៊ីល Alves ត្រូវបានអាជ្ញាធរអេស្ប៉ាញចាប់ខ្លួន

ខ្សែការពារស្លាបជម្រើសជាតិប្រេស៊ីលកីឡាករ Dani Alves ត្រូវបានប៉ូលិសអេស្ប៉ាញចាប់ខ្លួននៅទីក្រុងបាសេឡូណា ក្រោមការសង្ស័យថា កីឡាកររូបនេះបានប្រព្រឹត្តិអំពើបៀតបៀន និងហិង្សាផ្លូវភេទប្រឆាំងនឹងស្ត្រីម្នាក់ នៅក្នុងក្លឹបមួយកាលពីចុងឆ្នាំ២០២២។
សារព័ត៌មាន The Sun បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងក្លឹប Sutton ទីក្រុងបាសេឡូណា។ ប្រភពខាងលើបានចុះផ្សាយថា ខាងជនរងគ្រោះបានបានចោទប្រកាន់ Alves ថា កីឡាកររូបនេះដាក់ដៃនៅក្នុងខោក្នុងរបស់ខ្លួន នៅពេលដែលស្ត្រីនោះបានរាំជាមួយ Alves នៅបន្ទប់ VIP។
ក្រោយមកស្ត្រីនោះក៏ទៅតាម Alves ដល់បន្ទប់ទឹក តែប្រមាណ ១០នាទីក្រោយមក ស្ត្រីនោះក៏យំសម្រក់ទឹកភ្នែក ក្រោយពេលដែល Alves ដើរចេញពីក្លឹប។
លុះនៅថ្ងៃទី២ ខែមករា ខាងស្ត្រីរងគ្រោះក៏ដាក់ពាក្យបណ្ដឹង ហើយនៅថ្ងៃសុក្រនេះ ប៉ូលិសក៏ឃាត់ខ្លួន Alves ដើម្បីសាកសួរបន្ត។
ខាង Alves បានបដិសេធថា ខ្លួនមិនដែលស្គាល់ស្ត្រីរងគ្រោះទេ តែកីឡាកររូបនេះសារភាពថា លោកពិតជាបានទៅលេងនៅក្លឹបនោះមែន។
Alves ពេលនេះអាយុ ៣៩ឆ្នាំ។ កីឡាករដែលជាវីរបុរសក្លឹប Barcelona នៅពេលនេះកំពុងលេងនៅក្នុងក្លឹបប្រទេសម៉ិកស៊ីកូ៕