Share this post:
ថ្នាក់ដឹកនាំក្រុមតោខៀវ Chelsea បន្ដគាំទ្រលោក Graham Potter ដឹកនាំក្រុមទៀត បើទោះជាប៉ុន្មានប្រកួតចុងក្រោយនេះលោកធ្វើមិនបានល្អយ៉ាងណាក៏ដោយ។
បន្ទាប់ពីចាយប្រាក់អស់រាប់រយលានផោន ហើយក្រុមធ្វើមិនបានល្អសោះនៅប៉ុន្មានប្រកួតចុងក្រោយនេះ បានធ្វើឱ្យអ្នកគាំទ្រ Chelsea មិនពេញចិត្តនោះទេ។ ពួកគេបានស្នើសុំឱ្យថ្នាក់ដឹកនាំ ពិចារណាក្នុងការបណ្ដេញអ្នកចាត់ការក្រុម Potter ចេញភ្លាមទៅ ដើម្បីស្វែងរកអ្នកថ្មីមកស្រោចស្រង់ក្លឹបឡើងវិញ។ ខណៈដែលរដូវកាលនេះ Chelsea ទំនងជាមិនអាចឈ្នះពានរង្វាន់អ្វីបាននោះទេ ដោយរំពឹងត្រឹមបានកៅអីលេងពានរង្វាន់ UEFA Champions League ប៉ុណ្ណោះ។
តែទោះជាយ៉ាងនេះក្ដី ថ្នាក់ដឹកនាំក្រុមខាងលើនៅមិនទាន់អស់សង្ឃឹមនៅឡើយទេ។ ពួកគេបន្ដផ្ដល់ទំនុកចិត្តដល់អ្នកចាត់ការក្រុម Potter បន្ថែមទៀត ដោយជឿជាក់ថាលោកនឹងអាចកែប្រែក្រុមឱ្យប្រសើរឡើងវិញបាន។ ស្របពេលកំណត់ត្រាដឹកនាំក្រុមរបស់អតីតគ្រូបង្វឹករបស់ Brighton រូបនេះ នៅ១៤ប្រកួតចុងក្រោយ ឈ្នះបានត្រឹមតែ២ប្រកួតប៉ុណ្ណោះ៕