Share this post:
ខ្សែប្រយុទ្ធ Cristiano Ronaldo និងអតីតមិត្តរួមក្រុមនៅ Juventus បាននាំគ្នាបង្កើតជាកម្មវិធីដេញថ្លៃអាវមួយ ដែលធ្វើឡើងក្នុងគោលបំណងស្វែងរកប្រាក់ជួយដល់ប្រជាជនរងគ្រោះរញ្ជួយដីនៅប្រទេសទួរគី។
Merih Demiral កីឡាករសញ្ជាតិទួរគី និងធ្លាប់ជាមិត្តរួមក្រុម Ronaldo កាលលេងនៅ Juventus បានប្រកាសថា៖ “ខ្ញុំបាននិយាយជាមួយ Cristiano Ronaldo ។ គាត់បាននិយាយថាគាត់ពិតជាពិបាកចិត្តនិងសោកសៅចំពោះអ្វីដែលបានកើតឡើងនៅទួរគី។ យើងបានធ្វើការដាក់ដេញថ្លៃអាវដែលមានសាញ៉េរបស់គាត់។ ហើយប្រាក់ដែលនឹងបានពីការលក់ នឹងយកទៅជួយដល់ជនរងគ្រោះរញ្ជួយដីទាំងអស់”។
មិនត្រឹមតែ Ronaldo ម្នាក់ទេ មានកីឡាករច្រើននាក់ទៀតសុទ្ធតែបង្កើតជាគម្រោងដើម្បីស្វែងរកប្រាក់ជួយដល់ពលរដ្ឋដែលរងគ្រោះទាំងអស់។ ដោយគ្រោះរញ្ជួយដីកើតឡើងនៅប្រទេសទួរគី និងសេរី បានសម្លាប់មនុស្សជិត១ម៉ឺននាក់ទៅហើយ។ ជាក់ស្ដែងនៅទួរគី រកឃើញអ្នកស្លាប់ជិត៦ពាន់នាក់ហើយ និងនៅសេរី មានអ្នកស្លាប់ជិត២ពាន់នាក់ទៀត៕