Share this post:
ខ្សែបម្រើ Paul Pogba បានរងរបួសទៀតទៅហើយ ក្រោយពីរូបគេទើបបង្ហាញខ្លួនឱ្យក្រុម Juventus បានត្រឹមតែមួយប្រកួតប៉ុណ្ណោះនារដូវកាលនេះ។
កីឡាករបារាំងខាងលើមានបញ្ហាសាច់ដុំអំឡុងពេលហ្វឹកហាត់កន្លងទៅ ដូច្នេះហើយទើបបានជារូបគេមិនអាចចូលលេងឱ្យក្រុមបានក្នុងការប្រកួតទល់ក្រុម Sampdoria ។ បញ្ហារបួសនេះដែរ បានធ្វើឱ្យអ្នកគាំទ្រ Juventus ហាក់ដូចជាធុញទ្រាន់ហើយជាមួយ Pogba ត្បិតអីរូបគេមានបញ្ហារបួសជាប់ជានិច្ចតែម្ដង តាំងពីផ្ទេរពីក្រុម Manchester United មក។ បើទោះជាផ្ទេរមក ដោយគ្មានតម្លៃខ្លួនមែន ប៉ុន្តែប្រាក់ពលកម្មរបស់គេក្នុង១ឆ្នាំដល់ទៅ ៨លានអឺរ៉ូ គឺពិតជាច្រើន ហើយអ្នកគាំទ្រក៏ចង់ឃើញរូបគេជួយក្រុមច្រើនជាងនេះផងដែរ។
ក្រុម Juventus នារដូវកាលនេះ ហាក់ដូចជាមានបញ្ហាច្រើនមែនទែន។ ក្លឹបមួយនេះ ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីកាត់១៥ពិន្ទុ ក្រោយពីរកឃើញថាពួកគេលួចបន្លំទៅលើការចំណាយទិញដូរកីឡាករ។ ខណៈដែលបច្ចុប្បន្ននេះវិញក្នុងតារាង Serie A ឆ្លងកាត់២៦ប្រកួត មាន៣៨ពិន្ទុ ស្ថិតនៅលេខ៧៕