Share this post:
សេដ្ឋី Sir Jim Ratcliffe និងអ្នកវិនិយោគនៅកាតា Shiekh Jassim bin Hamad Al Thani បានដាក់ស្នើដេញថ្លៃជាផ្លូវការហើយ ដើម្បីទិញយកក្លឹបបិសាចក្រហម Manchester United ។
ត្រកូល Glazer បានប្រកាសលក់ក្លឹបបិសាចក្រហមនេះកាលពីចុងឆ្នាំ២០២២កន្លងទៅ ក្រោយពីមានមតិរិះគន់ច្រើនពេកពីសំណាក់អ្នកគាំទ្រ។ ក្រោយពីមានការប្រកាសលក់នេះហើយ ក៏មានបណ្ដាសេដ្ឋីនានាចង់បានផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះទើបឃើញមាន២នាក់ប៉ុណ្ណោះដែលបានដាក់ដេញថ្លៃជាផ្លូវការក្នុងការទិញយកក្លឹបជោគជ័យបំផុតមួយនៅអង់គ្លេសនេះ។
លោក Sir Jim Ratcliffe ដែលជាអ្នកមានបំផុតនៅចក្រភពអង់គ្លេសជាអ្នកទីមួយដេញថ្លៃយក Man Utd ដោយក្រុមហ៊ុនរបស់លោកជួលក្រុមហ៊ុន Wall Street និង Goldman Sachs ក្នុងការដេញថ្លៃនេះ។ ខណៈដែលបេក្ខភាពទី២នោះ គឺលោក Sheikh Jassim Bin Hamad Al Thani ដែលជាអ្នកវិនិយោគក្នុងប្រទេសកាតា ក៏បានដាក់ដេញថ្លៃដូចគ្នា។ លោក Al Thani នេះ គឺជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតានេះ ហើយក៏ពេញចិត្ត Man Utd ខ្លាំងផងដែរ។ តម្លៃដែលគេដាក់ដេញថ្លៃដំបូងនោះគឺ ៤,៥ពាន់លានផោន៕