Share this post:
លោក Joan Laporta ប្រធានក្លឹប FC Barcelona និយាយថាទ្វារនៅតែបើកជានិច្ចសម្រាប់ការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ Lionel Messi មកទឹកដី Camp Nou ។
Messi មិនទាន់ព្រមបន្ដកុងត្រាជាមួយក្រុម PSG នោះទេ ខណៈដែលកុងត្រាចាស់២ឆ្នាំរបស់គេនឹងផុតនៅត្រឹមដាច់រដូវកាលនេះហើយ។ មានប្រភពជាច្រើនជឿជាក់ថា Messi អាចនឹងត្រលប់ទៅលេងនៅ FC Barcelona វិញហើយ ប៉ុន្តែក្នុងនោះក៏មាន Aguero ដែលជាមិត្តស្និទ្ធរបស់ Messi ចេញមកបង្ហើបថាឱកាសមានត្រឹម៥០-៥០ ប៉ុណ្ណោះក្នុងការត្រលប់ទៅវិញ។
ដើម្បីជាការស្រាយចម្ងល់ទៅលើរឿងនេះលោក Laporta ប្រធានក្លឹប Barcelona បាននិយាយថា៖ “ខ្ញុំត្រូវរកវិធីដើម្បីពង្រឹងទំនាក់ទំនងជាមួយ Messi នាពេលបច្ចុប្បន្នជាមួយក្រុម Barca។ យើងនឹងចាំមើលទាំងអស់គ្នា ប៉ុន្តែគាត់ដឹងច្បាស់ហើយថាទ្វារនៅទីនេះតែងតែបើកសម្រាប់គាត់ជានិច្ច។ Messi ជាកីឡាករល្អបំផុតលើលោក គាត់តែងតែជាកីឡាករសំខាន់ជានិច្ចក្នុងប្រវត្តិសាស្ត្ររបស់យើង”៕