Share this post:
Cristiano Ronaldo បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីតហើយ ដើម្បីធ្វើការបង្ហាញខ្លួនជាផ្លូវការជាមួយក្លឹប Al Nassr ក្រោយពីចុះកុងត្រាលេងដល់ឆ្នាំ២០២៥។
យ៉ាងណាមិញ ការមកលេងនៅអាស៊ីនេះត្រូវបានអ្នកវិភាគជាច្រើនអះអាងថានេះជាវេលាដែល Ronaldo បានបោះបង់ការប្រកួតប្រជែងកម្រិតខ្ពស់ទៅហើយ។ តែយ៉ាងណាបើតាមសាមីខ្លួនគេវិញ អះអាងថាមិនមានអ្វីត្រូវប្រជែងទៀតទេនៅអឺរ៉ុប ព្រោះថាពានរង្វាន់ទាំងអស់ គេបានធ្លាប់ឈ្នះអស់ទៅហើយក្នុងការលេងជាច្រើនឆ្នាំមកនេះទាំងនៅ Man Utd, Real Madrid និង Juventus ជាដើម។
តែអ្វីដែលគ្រប់គ្នាទំនងជាមិនទាន់បានដឹងនោះគឺការចុះកុងត្រារបស់ Ronaldo នៅ Al Nassr នេះ ក៏មានមួយចំណុចភ្ជាប់មកដែរថាកីឡាករវ័យ៣៧ឆ្នាំនេះអាចនឹងទៅលេងឱ្យក្លឹប Newcastle United នៅលីគអង់គ្លេសបាន ប្រសិនបើពួកគេជាប់ Top4 ឬមានឈ្មោះលេងនៅ UEFA Champions League។ ខណៈដែលបច្ចុប្បន្ន Newcastle United កំពុងឈរនៅលេខ៣ស្រាប់ទៅហើយក្នុងតារាង Premier League ។ ការភ្ជាប់លក្ខខណ្ឌបែបនេះ ក៏ព្រោះតែក្លឹប Al Nassr និង Newcastle សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នស្ដេចក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតទាំងអស់៕