លោក Fernando Santos ពេលនេះត្រូវបានតែងតាំងជាគ្រូជម្រើសជាតិប៉ូឡូញហើយ

លោក Fernando Santos អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានទៅដឹកនាំក្រុមជម្រើសជាតិប៉ូឡូញហើយ ក្រោយពីពិធីបង្ហាញខ្លួនធ្វើឡើងនៅយប់មិញនេះ។
លោក Santos បានដឹកនាំក្រុមព័រទុយហ្គាល់ជោគជ័យខ្លាំងនៅឆ្នាំ២០១៦ ដោយឈ្នះពានរង្វាន់ Euro 2016 នៅគ្រានោះយកឈ្នះបារាំង។ ហើយដល់ឆ្នាំ២០១៩ទៀត លោកក៏នាំព័រទុយហ្គាល់នេះឈ្នះពានរង្វាន់មួយទៀតគឺ UEFA Nations League ។ តែយ៉ាងណានៅព្រឹត្តិការណ៍ World Cup វិញឃើញថាលោកធ្វើមិនសូវបានល្អនោះទេ។ ចុងក្រោយនៅ FIFA World Cup 2022 លោកបរាជ័យក្រោមថ្វីជើងក្រុមម៉ារុកនៅវគ្គ៨ក្រុមចុងក្រោយ ធ្វើឱ្យរបូតកៅអីគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់តែម្ដង។
តែគ្រាន់តែចាកចេញភ្លាម បុរសវ័យ៦៨ឆ្នាំក៏ចាប់ផ្ដើមអាជីពថ្មីទៀតផងដែរ។ លោកបានចូលខ្លួនដឹកនាំក្រុមជម្រើសជាតិប៉ូឡូញវិញម្ដង។ គោលដៅសម្រាប់ដំបូងរបស់លោកក្នុងការដឹកនាំប៉ូឡូញ គឺត្រូវធ្វើយ៉ាងណាទទួលបានកៅអីវគ្គចុងក្រោយនៅ Euro 2024 ខាងមុខ៕