លោក Joan Laporta ថា Barca កំណត់យកពានមួយនេះ ជាគោលដៅអាទិភាព ក្នុងរដូវកាលនេះ

ប្រធានក្លឹប Barcelona លោក Joan Laporta បានកំណត់គោលដៅអាទិភាព ក្នុងការឈ្នះជើងឯក La Liga បន្ទាប់ពីធ្លាក់ចេញពីពានធំបំផុតរបស់អឺរ៉ុប ២រដូវកាលជាប់គ្នា។
Barcelona បានជ្រុះចេញពី UEFA Champions League ក្នុងវគ្គចែកពូល ក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ តាមពីក្រោយ Bayern Munich និង Inter Milan ហើយពួកគេត្រូវបានចាប់ឆ្នោតវគ្គ Playoff Europa League ជាមួយ Manchester United។
ប៉ុន្ដែបើមើលលទ្ធផលនៅក្នុងលីគវិញ ក្រុមដឹកនាំដោយលោក Xavi Hernandez ពិតជាធ្វើបានល្អ ដោយឈរនៅកំពូលតារាង La Liga មាន៣៧ពិន្ទុពី ១៤ប្រកួត និងនាំមុខក្រុមការពារតំណែងជើងឯក Real Madrid ២ពិន្ទុ។
ហើយលោក Laporta បានលើកឡើងថា ក្រុមរបស់លោក បានកំណត់គោលដៅអាទិភាព ក្នុងការឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ ក្រោយរបូតពានធំ Champions League។
លោកបាននិយាយថា៖ “យើងវាយតម្លៃដំណាក់កាលដំបូងនៃរដូវកាល ដោយវិជ្ជមាន។ ក្រុមយើងមានភាពរីកចម្រើន និងកាន់តែមានភាពប្រកួតប្រជែង ប៉ុន្ដែវានៅការងារជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើង។ គោលដៅអាទិភាពក្នុងឆ្នាំនេះគឺពានរង្វាន់លីគ”៕