អាជ្ញាកណ្ដាលដែល Messi រិះគន់ថាកាត់ក្ដីមិនយុត្តិធម៌ បានត្រលប់ទៅអេស្ប៉ាញវិញហើយ

លោក Mateu Lahoz ដែលជាអាជ្ញាកណ្ដាលកាត់ក្ដីប្រកួតអាហ្សង់ទីន ទល់ ហុល្លង់ កន្លងទៅនេះ បានត្រលប់ទៅអេស្ប៉ាញវិញហើយ ក្រោយពីលោកអស់ភារកិច្ចនៅ World Cup 2022 នេះ។
លោក Lahoz បានចំណាយកាតច្រើនមែនទែនក្នុងការប្រកួតរវាងក្រុមអាហ្សង់ទីន ទល់ហុល្លង់។ ហើយលោកក៏ជាអ្នកថែមម៉ោងច្រើនក្នុងការប្រកួតនេះ ដែលផ្ដល់ឱកាសឱ្យក្រុមហុល្លង់បានតាមស្មើអាហ្សង់ទីន ២-២ ឈានដល់វគ្គប៉េណាល់ទីផងដែរ។ ចំណុចទាំងអស់នេះបានធ្វើឱ្យ Lionel Messi មិនសប្បាយចិត្តនោះទេ និងបានចេញមុខរិះគន់ខ្លាំងៗទៅលើការកាត់សេចក្ដីនិងចោទថាមិនមានភាពយុត្ដិធម៌ លំអៀងចង់ឱ្យហុល្លង់ឈ្នះអាហ្សង់ទីន។
Messi បានស្នើឱ្យ FIFA ពិនិត្យមើលការងាររបស់លោក Lahoz ផងដែរ ដែលមានភាពមិនប្រក្រតីជាច្រើន។ យ៉ាងណាមិញ បុរសសញ្ជាតិអេស្ប៉ាញនេះលែងបានកាត់ក្ដីបន្ដនៅ World Cup ប្រកួតបន្ទាប់ហើយ ព្រោះលោកអស់ភារកិច្ចត្រឹមប្រកួតរវាងក្រុមអាហ្សង់ទីន និងហុល្លង់នេះឯង៕