ផ្លូវការ៖ អាហ្សង់ទីន ត្រូវប៉ះបារាំង ដណ្ដើមពានព្រមទាំងលុយ ៤២ លាននៅ World Cup

ក្រោយការរង់ចាំអស់រយៈពេល ៤ ឆ្នាំ ចាយពេលដាច់យប់ជិត ១ ខែ ទីបំផុតយើងកាន់តែកៀកនឹងរកឃើញក្រុមឈ្នះពានរង្វាន់ បន្ទាប់ពីជម្រុះចម្រាញ់កើតលទ្ធផលឈ្នះចាញ់ ដល់ឃើញ ២ ក្រុមចុងក្រោយនៅវគ្គផ្ដាច់ព្រ័ត្រ World Cup ២០២២ គឺរវាងជម្រើសជាតិអាហ្សង់ទីន ទល់ បារាំង។
នេះបន្ទាប់ពីក្រុមដឹកនាំដោយលោក Lionel Scaloniបានយកឈ្នះ ៣-០ ទៅលើក្រូអាត ហើយក្រុមលោក Didier Deschamps យកឈ្នះ ២-០ ទៅលើម៉ារ៉ុក សម្រេចឲ្យពួកគេត្រូវសម្រាករយៈពេល ៣ ថ្ងៃ មុនមកជួបគ្នានៅម៉ោង ១០:០០ នាទីយប់ ថ្ងៃអាទិត្យ ទី ១៨ ធ្នូ ដណ្ដើមទាំងពានរង្វាន់ និងទឹកប្រាក់ប្រមាណ ៤២ លានដុល្លារ សម្រាប់ម្ចាស់ជើងឯក។
រំឭកឲ្យដឹងថា នេះគឺជាឱកាសឡើងមកវគ្គផ្តាច់ព្រ័ត្រជាលើកទី ២ សម្រាប់ Lionel Messi ជាមួយជម្រើសជាតិអាហ្សង់ទីន បន្ទាប់ធ្លាប់បរាជ័យក្រោមថ្វីជើងអាល្លឺម៉ង់កាលឆ្នាំ ២០១៤។ វាក៏ជាពេលវេលាចុងក្រោយ បើឈ្នះគឺចារទុកក្នុងកំណត់ត្រា តែបើកាលណាចាញ់ នោះមានន័យថាមួយអាជីព Messi ឈ្នះគ្រប់យ៉ាង តែមិនអាចលើកពាន World Cup។
ស្របពេលដែលបារាំង ពួកគេបានឡើងមកវគ្គផ្ដាច់ព្រ័ត្រ World Cup ជាប់គ្នាពីរសម័យកាល ក្រោយក្លាយជាម្ចាស់ជើងឯក យកឈ្នះទៅលើក្រូអាតនៅឆ្នាំ ២០១៨។ បើឈ្នះពានរង្វាន់សារនេះទៀត នោះមាន់គក នឹងក្លាយជាជម្រើសជាតិទី ៣ ដែលអាចលើកពាន ២ សម័យកាលជាប់ បន្ទាប់ពីអ៊ីតាលីធ្វើបាននៅឆ្នាំ ១៩៣៤/៣៨ និងប្រេស៊ីលធ្វើបាននៅឆ្នាំ ១៩៥៨/៦២៕