អាហ្សង់ទីន សង្ឃឹមថា Messi អាចលេង World Cup ទៀតនៅឆ្នាំ២០២៦

ក្រុមជម្រើសជាតិអាហ្សង់ទីន សង្ឃឹមថាខ្សែប្រយុទ្ធ Lionel Messi នឹងអាចចូលលេងព្រឹត្តិការណ៍ FIFA World Cup ទៀតនៅឆ្នាំ២០២៦ខាងមុខនេះ។
Messi បានប្រកាសថា World Cup 2022 នៅប្រទេសកាតានេះជាការប្រកួត World Cup ចុងក្រោយរបស់គេហើយ បើទោះជាឈ្នះពាន ឬមិនឈ្នះក៏ដោយ។ តែសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញ ហាក់មិនទាន់ចង់ឱ្យប្រធានក្រុមរូបនេះចូលនិវត្ដន៍នោះទេ ពោលគឺពួកគេចង់ឃើញម្ចាស់ពានរង្វាន់ Ballon dÓr ៧សម័យកាលនេះអាចចូលលេង World Cup បានម្ដងទៀតនៅឆ្នាំ២០២៦។
លោក Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនបាននិយាយថា៖ “ខ្ញុំសង្ឃឹមថា វាមិនមែនជា World Cup ចុងក្រោយរបស់ Messi នោះទេ។ គាត់នៅសប្បាយចិត្តក្នុងការលេងលើទីលាន ហើយក៏បានធ្វើឱ្យគ្រប់គ្នាសប្បាយចិត្តផងដែរ។ ប្រសិនបើយើងនៅមើលថែគាត់ និងអាចរកវិធីជួយគាត់ ដូចដែលយើងបានធ្វើកន្លងមកនេះ នោះនឹងមានវិធីដែលធ្វើឱ្យ Messi អាចលេង World Cup ម្ដងទៀតនៅឆ្នាំ២០២៦”៕