Share this post:
ខ្សែប្រយុទ្ធ Ansu Fati មិនសូវទទួលបានឱកាសលេងទេនៅក្រុម FC Barcelona នារដូវកាលនេះ ទើបបានជាធ្វើឱ្យរូបគេចង់ចាកចេញដើម្បីស្វែងរកឱកាសលេងនារដូវកាលក្រោយ។
លោក Bori ដែលជាឪពុករបស់ខ្សែប្រយុទ្ធ Fati បាននិយាយថា៖ “មួយនាទី ពីរនាទី បីនាទី។ ក្រុមតែងតែផ្ដល់ឱ្យគាត់ជានាទីដើម្បីលេង។ គាត់មិនពេញចិត្តចំពោះរឿងនេះទេ។ គាត់ចង់បង្ហាញខ្លួនលើទីលាន គាត់ចង់ជួយ Barcelona ប៉ុន្តែខ្ញុំមិនគិតថាជារឿងត្រឹមត្រូវនោះទេ”។ ការបញ្ជាក់បែបនេះ គឺលោកមិនចង់ឱ្យកូនប្រុសបន្ដលេងនៅ Camp Nou ទៀតទេ ពោលគឺគួរតែរកក្លឹបថ្មីលេងវិញនៅរដូវកាលក្រោយ។
រំលឹកថាក្រោមការដឹកនាំរបស់លោក Xavi ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ បានបង្ហាញខ្លួន២៤ដងនៅ La Liga ដោយក្នុងនោះ១៥នាក់បម្រុង។ រូបគេរកបាន៣គ្រាប់ និងបញ្ជូនបាល់បាន៣គ្រាប់ទៀត។ លោក Xavi ហាក់មិនមានទំនុកចិត្តខ្ពស់ទៅលើ Fati នោះទេ ទើបលោកមិនសូវដាក់ឱ្យលេងពេញការប្រកួត ខណៈដែលរូបគេក៏មានបញ្ហារបួសច្រើនផងដែរ៕