Share this post:
លោក Nasser Al-Khelaifi ប្រធានក្លឹប Paris Saint Germain បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីម្សិលមិញថា ការនាំយកខ្សែប្រយុទ្ធ Cristiano Ronaldo មកក្លឹបរបស់លោកនៅពេលនេះគឺមិនអាចទៅរួចទេ ព្រោះតំណែងរបស់គេមានម្ចាស់ហើយនៅក្លឹបលោក។
លោក Al-Khelaifi បាននិយាយថា៖” Ronaldo គេជាជើងឯក ជាកំពូលកីឡាករ ដែលខ្ញុំកោតសរសើរ និងស្រលាញ់គេបំផុតក្នុងនាមជាកីឡាករអាជីព។ គេជាកីឡាករដ៏អស្ចារ្យ។ ឥឡូវនេះគេអាយុ ៣៧ឆ្នាំហើយ គេនៅតែអាចលេងបានយ៉ាងអស្ចារ្យ។ ក្លឹបនីមួយៗសុទ្ធតែចង់បានគេ “។
លោកបន្តថា៖” ប៉ុន្តែសម្រាប់ក្លឹបយើងវិញគឺ តំណែងកន្លែងលេងរបស់គេហ្នឹងគឺមានម្ចាស់ហើយ មានអ្នកដែលកំពុងលេងកន្លែងរបស់គេហ្នឹងហើយ អញ្ចឹងហើយវាមិនងាយស្រួលទេដែលសុខៗផ្លាស់ប្ដូរតំណែងហ្នឹង។ ដូច្នេះវាមិនអាចទៅរួចនោះទេចំពោះ Ronaldo សម្រាប់ពួកយើង នេះយើងនិយាយឲ្យស្មោះត្រង់តែម្ដង “។
កន្លែង Ronaldo ត្រូវលេងគឺជាកន្លែងរបស់ Mbappe នៅ PSG តែម្ដង ប៉ុន្តែម្ចាស់ក្លឹបនេះមានពេញចិត្ត និងជឿជាក់លើ Mbappe ដោយថាកីឡាករនេះនឹងមិនងាយចាកចេញចោលទៅណានោះទេ។
នៅខណៈនេះ Ronaldo មិនទាន់មានក្លឹបលេងនោះទេ ក្រោយបញ្ចប់កុងត្រានឹង Man Utd កាលពីខែមុន បន្ទាប់ពីបាននិយាយរិះគន់ក្លឹបនេះជាសារធារណៈ៕