Ancelotti ៖ Hazard ជាកីឡាករសំខាន់សម្រាប់ក្រុម Real Madrid នៅឆ្នាំ២០២៣នេះ

លោក Carlo Ancelotti ជឿជាក់ថាខ្សែប្រយុទ្ធ Eden Hazard នឹងអាចជួយក្រុម Real Madrid បានច្រើនវិញសម្រាប់ការប្រកួតដែលនៅសល់នារដូវកាលនេះ។
តាំងពីផ្លាស់មកលេងនៅ Real Madrid មក Hazard នៅមិនទាន់អាចលេងបានពេញកម្លាំងនោះទេ ដោយសារតែមានបញ្ហារបួសជាប់ជានិច្ច។ ដោយការមកដល់៣ឆ្នាំមកនេះ អតីតកីឡាករ Chelsea លេងបានត្រឹម៧២ប្រកួតប៉ុណ្ណោះ។ នារដូវកាលនេះ គេទើបចាប់ផ្ដើមជម្រើសដំបូងបានតែ១ប្រកួតទេនៅក្របខណ្ឌ La Liga ។ តែទោះជាយ៉ាងនេះក្ដី Hazard នៅតែជាជម្រើសដំបូងសម្រាប់ជម្រើសជាតិបែលហ្សិកដដែល។ ដោយកាលពីព្រឹត្តិការណ៍ World Cup កន្លងទៅ គេបានលេងជានិច្ច តែសោកស្ដាយបែលហ្សិកមិនអាចទៅបានឆ្ងាយ។
សម្រាប់ Ancelotti បាននិយាយដែរថា៖“ខ្ញុំបានឃើញគាត់ធ្វើបានល្អ គាត់ហាត់បានយ៉ាងល្អ។ ត្រលប់មកវិញនេះ ខ្ញុំឃើញគាត់ធ្វើបានល្អច្រើនជាងមុន World Cup ។ គាត់នៅតែជាកីឡាករសំខាន់សម្រាប់ក្រុម Real Madrid ហើយរឹតតែសំខាន់សម្រាប់ពាក់កណ្ដាលរដូវកាលខាងមុខនេះ”។ រំលឹកដែរថា Hazard ក្រោយពីចប់ World Cup ទៅ គេក៏បានប្រកាសចូលនិវត្តពីជម្រើសជាតិហើយដែរ។ ដោយលេងឱ្យបែលហ្សិកបាន១២៦ប្រកួត និងរកបាន៣៣គ្រាប់៕