Benzema ចោទលោក Deschamps ថាជាមនុស្សកុហក

ខ្សែប្រយុទ្ធ Karim Benzema បានចោទលោក Didier Deschamps ថាជាមនុស្សបោកប្រាស់ កុហកអ្នកគាំទ្រ ចំពោះបញ្ហាថាខ្លួនមានរបួសទៅមិនអាចចូលលេងជម្រើសជាតិបារាំងបាន។
កាលពីពេលថ្មីៗនេះ ការឆ្លើយឆ្លងគ្នារវាងគ្រូបង្វឹកបារាំង និងខ្សែប្រយុទ្ធបារាំងខាងលើបានកើតមានឡើងជាថ្មីម្ដងទៀត។ លោក Didier Deschamps បានប្រាប់ទៅអ្នកកាសែតថាការមិនអាចលេង World Cup បានរបស់ Benzema គឺដោយសារសាមីខ្លួនផ្ទាល់ប្រាប់លោកថាមានបញ្ហារបួសមិនអាចបន្ដនៅជម្រើសជាតិបានទៀតនោះទេក្នុងយុទ្ធនាការប្រកួត FIFA World Cup 2022 កន្លងទៅ។ តែបើតាមសាមីខ្លួន Benzema វិញ អះអាងថាសម្ដីទាំងអស់នោះមិនពិតនោះទេ។
ខ្សែប្រយុទ្ធកំពុងលេងឱ្យក្លឹប Real Madrid បានចោទលោក Didier Deschamps ថាជាមនុស្សកុហកអ្នកគាំទ្រហើយ។ ស្របពេលអ្នកគាំទ្រក៏បានមើលឃើញថាមានរឿងនៅពីក្រោយដូចគ្នា ព្រោះក្រោយពីចេញពីក្រុមជម្រើសជាតិបារាំងហើយ Benzema អាចលេងឱ្យក្លឹប Real Madrid បានជាធម្មតា។ ខណៈដែលប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រវិញ បារាំងមានឱកាសហៅ Benzema មកលេងឱ្យបាន ប៉ុន្តែចុងក្រោយលោក Didier Deschamps មិនកោះហៅគេវិញនោះទេ៕