Casemiro ៖ គោលដៅរបស់ខ្ញុំ គឺឈ្នះពានជាមួយ Man Utd ឱ្យបាន

ខ្សែបម្រើ Casemiro បានអះអាងថាគោលដៅរបស់គេក្នុងការមកលេងនៅ Old Trafford នេះគឺត្រូវធ្វើយ៉ាងណាឱ្យឈ្នះពានរង្វាន់ឱ្យបាន អំឡុងពេលជាកីឡាករនៅទីនេះ។
ក្រុមបិសាចក្រហម Manchester United នឹងមានឱកាសលើកពាន Carabao Cup នៅថ្ងៃអាទិត្យនេះ ប្រសិនបើពួកគេអាចយកឈ្នះក្រុម Newcastle United បាននៅវគ្គផ្ដាច់ព្រ័ត្រ។ នេះជាក្ដីសង្ឃឹមមួយសម្រាប់អ្នកគាំទ្រផងដែរ ត្បិតអីក្លឹបនេះខកខានឈ្នះពានរង្វាន់៥ឆ្នាំមកហើយ។ ត្បិតតែ Carabao Cup ជាពានតួចមួយមែន ប៉ុន្តែអ្នកគាំទ្រពិតជាចង់ឃើញទិដ្ឋភាពលើកពានខ្លាំងមែនទែននៅចុងសប្ដាហ៍នេះ។
ខ្សែបម្រើ Casemiro ដែលទើបផ្លាស់មកពីក្រុម Real Madrid បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំចង់មកទីនេះក្នុងនាមជាកីឡាករដែលជួយក្លឹបឈ្នះពាន។ នេះជារឿងសំខាន់ បើទោះជាវាអាចទៅរួចឬអត់ក៏ដោយ។ យើងដឹងថាការឈ្នះពានរង្វាន់នៅទីនេះមិនមែនជារឿងងាយស្រួលឡើយ ជាពិសេស Premier League ដែលគ្រប់ក្រុមសុទ្ធតែត្រៀមខ្លួនបានល្អ។ តែយ៉ាងណា គោលដៅរបស់ខ្ញុំគឺត្រូវធ្វើយ៉ាងណា ជួយក្លឹបទទួលបានជោគជ័យ”៕