Chelsea ចង់បញ្ចប់កុងត្រា Aubameyang ក្រោយកីឡាកររូបនេះទៅគាំទ្រ Barcelona

ក្រុមតោខៀវ Chelsea បានបង្ហាញការខឹងសម្បារជាខ្លាំង នៅពេលបានដឹងថាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានហោះទៅអេស្ប៉ាញ ទៅទស្សនាការប្រកួត El Clasico រវាងក្រុម Barcelona និង Real Madrid ។
Pierre-Emerick Aubameyang ថតរូបជាមួយសមាជិកក្រុម Barcelona ហើយទៅគាំទ្រក្លឹបមួយនេះក្នុងការប្រកួតថែមទៀត។ ទង្វើនេះត្រូវបានក្រុម Chelsea ចាត់ទុកថាមិនត្រឹមត្រូវនោះទេ ព្រោះគេនៅសល់កុងត្រាជាកីឡាករតោខៀវនៅឡើយ មិនសមណាទៅគាំទ្រក្លឹបដទៃដោយបើកចំហរបែបនេះឡើយ។ ក្លឹបគ្រោងនឹងបញ្ចប់កុងត្រារបស់ខ្សែប្រយុទ្ធរូបនេះនៅត្រឹមចប់រដូវកាលនេះតែម្ដង។
រំលឹកថាខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំនេះ ជាអតីតកីឡាករ Barcelona ប៉ុន្តែអំឡុងពេលនៅកាតាឡាន់នេះ រូបគេមិនសូវបានលេងនោះទេ។ Aubameyang ក៏ជាកីឡាករម្នាក់ត្រូវបានក្លឹប Arsenal ផ្ដាច់កុងត្រាចោលម្ដងហើយដែរកាលពីដើមឆ្នាំ២០២២កន្លងទៅ បន្ទាប់មកក៏ចូលរួមជាមួយ FC Barcelona ។ ក្រោយមកទៀត គេក៏បានបន្ដមកលេងនៅ Chelsea នេះ តែមិនសូវបានលេងនោះទេ ដោយទើបចូលលេងនៅ Premier League បានត្រឹម៧នាទីប៉ុណ្ណោះ៕