Erik Ten Hag ៖យើងនឹងរកខ្សែប្រយុទ្ធបន្ថែមនៅខែមករាខាងមុខ

លោក Erik ten Hag បានអះអាងថាក្រុម Manchester United នឹងបន្ដស្វែងរកខ្សែប្រយុទ្ធកណ្ដាលនៅខែមករាដើមឆ្នាំ២០២៣ខាងមុខ ក្រោយពីពួកគេបញ្ចប់កុងត្រាជាមួយ Cristiano Ronaldo រួចមក។
ដំបូងឡើយក្រុម Man Utd ចាប់អារម្មណ៍ចង់បានកីឡាករ Cody Gakpo របស់ក្រុម PSV មករួមក្រុម ប៉ុន្តែចុងក្រោយ Liverpool ក៏ចូលខ្លួនមកប្រជែងនឹងឆក់យកកីឡាករហុល្លង់នេះទៅ។ តែទោះជាមិនអាចយកបានកីឡាករខ្លួនប្រាថ្នាក្ដី ក៏ក្រុម Man Utd នៅតែអះអាងថាពួកគេមិនអស់សង្ឃឹមឡើយ ពោលគឺនឹងបន្ដស្វែងរកខ្សែប្រយុទ្ធកណ្ដាលទៀត ដើម្បីមកពង្រឹងក្រុមក៏បាន។
លោក Ten Hag បាននិយាយថា៖ “ខ្ញុំអាចប្រាប់គ្រប់គ្នាបានចំពោះអ្វីដែលខ្ញុំនិយាយជាមួយកីឡាករ។ យើងត្រូវរកគ្រាប់បាល់ច្រើនទៀត។ យើងបានបង្កើតឱកាសច្រើន ហើយវារង់ចាំរហូតដល់ជិតចប់ការប្រកួត ទើបយើងអាចរកគ្រាប់បាល់ទី៣បាន។ យើងបានបង្កើតឱកាសល្អ២ដងទៀត តែយើងមិនអាចសម្រេចបាន។ យើងគួរតែបញ្ចប់ការប្រកួតនេះឱ្យបានមុនបន្ដិច។ យើងនឹងបន្ដស្វែងរកខ្សែប្រយុទ្ធមកជួយក្រុមបន្ថែមទៀត”៕