Giroud ៖ យើងមិនឱ្យ Messi មានយប់ដ៏ពិសេសបំផុតក្នុងជីវិតគាត់នោះទេ

ខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមជម្រើសជាតិបារាំង បានអះអាងថាពួកគេនឹងមិនឱ្យ Lionel Messi មានរាត្រីដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់គេនោះទេ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2022 ខាងមុខនេះ។
បារាំង នឹងត្រូវលេងទល់ក្រុម អាហ្សង់ទីន នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង១០យប់។ នេះជាការប្រកួតកាត់សេចក្ដីស្វែងរកក្រុមមួយដើម្បីលើកពាន World Cup ហើយវាក៏ជាការប្រកួតចុងក្រោយរបស់ Messi ក្នុងពានរង្វាន់នេះផងដែរ។ អាហ្សង់ទីន រំពឹងថានៅរាត្រីនោះ វានឹងក្លាយជារាត្រីដ៏អស្ចារ្យបំផុតសម្រាប់ប្រធានរបស់ពួកគេហើយ ក្នុងការយកពាន World Cup ជូនពរ GOAT ចូលនិវត្តន៍។
តែបើតាមសម្ដីរបស់ Olivier Giroud វិញ អះអាងថាក្រុមបារាំងនឹងមិនឱ្យរាត្រីដ៏ពិសេសនោះធ្លាក់ទៅ Messi នោះទេ។ បារាំងនឹងយកឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ដើម្បីការពារតំណែងជើងឯក World Cup របស់ខ្លួនឱ្យបាន។ “Messi គឺពិតជាអស្ចារ្យណាស់ ប៉ុន្តែយើងនឹងមិនឱ្យគាត់ទទួលបានរាត្រីដ៏ពិសេសបំផុតក្នុងជីវិតគាត់ឡើយ។ យើងចង់ឈ្នះការប្រកួតនេះ យើងចង់ឈ្នះ World Cup ម្ដងទៀត”៕