Share this post:
នាថ្ងៃនេះ ១៩/១០/២០២២ ខ្សែប្រយុទ្ធបិសាចក្រហមManchester United កីឡាករ Mason Greenwood ត្រូវបានតុលាការអង់គ្លេសដោះលែងជាបណ្ដោះអាសន្ន ហើយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ កីឡាកររូបនេះនឹងឡើងសាវនាការជាថ្មីនៅថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខនេះ ទាក់ទងនឹងសំណុំក្ដីសង្ស័យរំលោភសេពសន្ថេវៈ និងការចោទប្រកាន់ផ្សេងទៀត។
តាមពិតទៅ Greenwood ត្រូវបានចាប់ខ្លួនតាំងពីខែមករាដើមឆ្នាំនេះមកម៉្លេះ ពាក់ព័ន្ធសំណុំក្ដីខាងលើ។ មិនយូរប៉ុន្មាន រូបគេក៏ត្រូវបានតុលាការដោះលែងឲ្យ
នៅក្រៅឃុំជាបណ្ដោះអាសន្ន ហើយឡើងតតាំងក្ដីនៅតុលាការ។ ក៏ប៉ុន្តែនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ កីឡាកររូបនេះត្រូវបានចាប់ខ្លួនជាថ្មី ដោយតុលាការបានរកឃើញថារូបគេ បានបំពានបំរាមមួយចំនួន។
ទើបតែដល់ថ្ងៃនេះ ទើបតុលាការបានសម្រេចដាក់ឲ្យ Greenwood នៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមលក្ខខណ្ឌត្រូវតែស្នាក់នៅផ្ទះអចិន្ត្រៃយ៍របស់គេនៅទីក្រុង Manchester ហើយមិនត្រូវទៅជួបសាក្សីដែលពាក់ព័ន្ធនឹងរឿងក្ដីនេះទេ។
សូមបញ្ជាក់ផងដែរថា Greenwood ត្រូវបានស្ដ្រីម្នាក់ជាសង្សារប្ដឹងទៅតុលាការដោយចោទពីបទរំលោភសេពសន្ថេវៈ ពីបទប្រើប្រាស់អំពើហឹង្សា និងសកម្មភាពធ្វើទុក្ខបុកម្នេញផ្លូវចិត្ត និងផ្លូវកាយផ្សេងទៀត។ កីឡាកររូបនេះត្រូវបានចាប់ខ្លួននៅខែមករាឆ្នាំនេះ។ មួយខែក្រោយមក ក្លឹបបិសាចក្រហមបានផ្អាកជាបណ្ដោះអាសន្នមិនឲ្យកីឡាកររូបនេះចូលហ្វឹកហាត់ ឬចូលលេងការប្រកួតរបស់ក្លឹប រហួតដល់សំណុំរឿងក្ដីក្ដាំនេះត្រូវបានបិទបញ្ចប់ជាស្ថាពរ៕