Haaland បោះសម្ដីថា Man City ទិញគេមក ដើម្បីឈ្នះពាន Champions League

ខ្សែប្រយុទ្ធ Earling Haaland បានបោះសម្ដីថាក្លឹប Manchester City ទិញគេមកនារដូវកាលនេះ គឺដើម្បីសម្រេចគោលបំណងឈ្នះពានរង្វាន់ UEFA Champions League ឱ្យបាន។
Haaland រកបាន៥គ្រាប់កាលពីប្រកួតទល់ក្រុម Leipzig កន្លងទៅ និងជួយក្លឹប Man City ឡើងវគ្គ៨ក្រុមពានរង្វាន់ UEFA Champions League ផងដែរ។ កីឡាករន័រវែសរូបនេះ រកបានដល់ទៅ៣៨គ្រាប់ទៅហើយនាពេលបច្ចុប្បន្នក្នុងរដូវកាលដំបូងរបស់ខ្លួននៅ Man City ហើយក៏រំពឹងថានឹងបន្ដបង្កើតកំណត់ត្រាបន្ថែមទៀត ព្រោះការប្រកួតនៅសល់ច្រើន។
សម្រាប់ Haaland វ័យ២២ឆ្នាំបានបង្ហាញចំណាប់អារម្មណ៍បែបនេះថា៖ “ជារឿងពិត ក្លឹបទិញខ្ញុំមកដើម្បីឈ្នះពានរង្វាន់ UEFA Champions League។ ពួកគេបានឈ្នះពាន Premier League ៤ដងក្នុង៥ឆ្នាំចុងក្រោយនេះ។ ពួកគេមិនបានទិញខ្ញុំមកឈ្នះពាននេះទេ ព្រោះពួកគេឈ្នះវាបានច្រើនទៅហើយ។ ដូច្នេះដូចដែលគ្រប់គ្នាបានឃើញ ខ្ញុំមកដើម្បីជួយក្លឹបឱ្យកាន់តែខ្លាំង និងឈ្នះ Champions League ជាលើកដំបូងឱ្យបាន”៕