Juventus ត្រូវដក១៥ពិន្ទុ ក្រោយរកឃើញល្មើសវិន័យលើការទិញដូរកីឡាករ

សហព័ន្ធបាល់ទាត់អ៊ីតាលី បានសម្រេចដក១៥ពិន្ទុពីក្រុម Juventus នារដូវកាលនេះ បន្ទាប់ពីពួកគេរកឃើញថាក្លឹបមួយនេះល្មើសច្បាប់ក្នុងការទិញដូរកីឡាករកន្លងទៅមក។
ការសម្រេចចិត្តពិន័យនេះដែរ ក៏ព្រោះតែរកឃើញថាក្លឹប Juventus បានកែតួលេខនៃការទិញដូរកីឡាកររបស់ខ្លួន ដើម្បីគេចផុតពីការបង់ពន្ធនានា។ ខណៈដែលការដក១៥ពិន្ទុនារដូវកាលនេះ នឹងធ្វើឱ្យក្រុមរបស់លោក Allegri ធ្លាក់ទៅពាក់កណ្ដាលតារាង Serie A ហើយ ព្រោះបច្ចុប្បន្នពួកគេនៅលេខ៣ និងមិនមានពិន្ទុច្រើនខ្លាំងដូចរាល់ឆ្នាំនោះទេ។ ទាក់ទងនឹងបញ្ហានេះដែរ ក្លឹប Juventus បានច្រាលចោលទាំងស្រង់តែម្ដង ហើយក៏ត្រៀមនឹងធ្វើការតវ៉ាវិញផងដែរ។
រំលឹកថាកាលពីខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅ ថ្នាក់ដឹកនាំក្លឹបជាច្រើនបាននាំគ្នាចុះចេញពីតំណែងបន្ដបន្ទាប់។ កាលនោះក៏មានការសង្ស័យជាច្រើនផងដែរចំពោះការសម្រេចចិត្តបែបនេះ ហើយការពិតក៏ទើបតែនឹងលាតត្រដាងនៅពេលនេះដែរ៕