Share this post:
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើ Mason Greenwood ជុំវិញការផ្លាស់ប្តូរដែលអាចកើតមាននៅរដូវក្តៅនេះ ដែលអាចធ្វើអោយអាជីពរបស់ខ្សែប្រយុទ្ធ Manchester United រស់ឡើងវិញ។
Greenwood អាយុ ២១ឆ្នាំ មិនបានលេងតាំងពីខែមករា ឆ្នាំ ២០២២ នៅពេលដែលគាត់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ការគ្រប់គ្រង និងហិង្សាផ្លូវភេទ។ ការចោទប្រកាន់ទាំងអស់នោះត្រូវបានទម្លាក់ចោលជាបន្តបន្ទាប់ដោយប៉ូលិសក្នុងខែកុម្ភៈឆ្នាំនេះ។
Man United ដែលបានព្យួរ Greenwood ភ្លាមៗបន្ទាប់ពីការចោទប្រកាន់នោះ នៅតែធ្វើការស៊ើបអង្កេតផ្ទៃក្នុងរបស់ពួកគេទៅលើកីឡាករ។
ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេរំពឹងថា Greenwood នឹងមិនមានវត្តមានសម្រាប់ក្លឹបម្តងទៀតទេ ដោយពេលនេះ The Sun បានរាយការណ៍ថា Juventus ស្ថិតក្នុងចំណោមក្លឹបអឺរ៉ុបមួយចំនួនដែលកំពុងស្វែងរកការផ្ទេរសម្រាប់កីឡាករអង់គ្លេសរូបនេះ។
Greenwood បានហ្វឹកហាត់នៅឆ្ងាយពីមូលដ្ឋាន Carrington របស់ Man United ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទោះបីជានៅសល់កិច្ចសន្យារយៈពេល ២ឆ្នាំដែល មានតម្លៃប្រហែល ៧៥.០០០ផោនក្នុងមួយសប្តាហ៍នៅ Old Trafford ក៏ដោយ។
វាមិនត្រូវបានគេដឹងថាតើ Man United នឹងលក់តម្លៃប៉ុន្មានសម្រាប់ Greenwood នោះទេ។ វាត្រូវបានរាយការណ៍ថាការដាក់ឲ្យខ្ចីជើងរយៈពេលវែងទំនងអាច ជាដំណោះស្រាយដែលល្អបំផុត។
Greenwood ស៊ុតបញ្ចូលទីបាន ៣៥គ្រាប់សម្រាប់ក្លឹប Old Trafford ក្នុង ១២៩ប្រកួត៕