Share this post:
កីឡាករ Ibrahima Konate បានចេញមុខការពារមិត្តរួមក្រុម Kylian Mbappe ក្រោយពីមានការរិះគន់ច្រើន ចំពោះការទទួលតំណែងថ្មី ប្រធានក្រុមជម្រើសជាតិបារាំងថ្មីៗនេះ។
មានមតិជាច្រើនបានអះអាងថាសមាជិកក្នុងក្រុមបារាំងមួយចំនួនហាក់មិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោក Didier Deschamps ដែលឱ្យ Mbappe ឡើងជាប្រធានក្រុមថ្មីនោះទេ។ ត្រឹមវ័យ២៤ឆ្នាំ មានមតិខ្លះយល់ថាខ្សែប្រយុទ្ធរូបនេះនៅស្ទើរបទពិសោធមិនទាន់អាចដឹកនាំក្រុមទាំងមូលបានល្អនៅលើទីលានឡើយ។ តែក៏មានមតិមួយចំនួនចេញមុខមកការពារខ្សែប្រយុទ្ធកំពុងប្រកបអាជីពនៅក្លឹប PSG នេះដែរ។
ជាក់ស្ដែង Ibrahima Konate ខ្សែការពារដែលទើបជាប់ជម្រើសជាតិបារាំងកាលពីពាក់កណ្ដាលឆ្នាំមុន បាននិយាយបែបនេះថា៖ “ទោះខ្ញុំនិយាយយ៉ាងមិចក៏គ្មានអ្វីប្រែប្រួលដែរ ព្រោះនេះជាសម្រេចចិត្តរបស់គ្រូបង្វឹក។ ខ្ញុំសប្បាយចិត្ត និងអបអរ Mbappe ចំពោះតំណែងនេះ។ គាត់សក្ដិសមនឹងបានវា ហើយនេះជាអ្វីដែលយើងបានឃើញកាលពី World Cup កន្លងមក។ គាត់ជាមនុស្សល្អម្នាក់ និងតែងតែលើកទឹកចិត្តមិត្តរួមក្រុមជានិច្ច”៕