Man City ចង់ឲ្យ Pep បន្តកុងត្រាថ្មីជាអ្នកចាត់ការក្លឹប មុនដាច់ឆ្នាំនេះ

ក្លឹប Manchester City សង្ឃឹមថា លោក Pep Guardiola នឹងព្រមបន្តកុងត្រាថ្មីជាអ្នកចាត់ការក្លឹបនេះដដែល មុនដាច់ឆ្នាំ២០២២នេះ។ បើយោងតាមការចុះផ្សាយរបស់ 90min នៅក្នុងថ្ងៃនេះ។
បើតាមប្រភពដដែលនេះបង្ហាញថា ក្លឹបយក្សអង់គ្លេសនេះពេញចិត្តនឹងការដឹកនាំរបស់អ្នកចាត់ការក្លឹបសញ្ជាតិអេស្ប៉ាញរូបនេះខ្លាំងណាស់ ដោយចង់ឲ្យបន្តកុងត្រារហូតដល់ឆ្នាំ២០២៥ ខណៈកុងត្រារវាងលោក និងក្លឹបបច្ចុប្បន្ននេះនឹងបញ្ចប់នៅចុងរដូវកាលឆ្នាំ២០២២/២៣។មកទល់នឹងពេលនេះ លោក Pep មិនទាន់សម្រេចចិត្តយ៉ាងណាទេ ប៉ុន្តែខាង Man City ជឿជាក់ខ្ពស់ថាអ្នកចាត់ការរូបនេះនឹងបន្តកុងត្រាថ្មី។
លោក Pep ជាចំណោមអ្នកចាត់ការក្លឹបដ៏ជោគជ័យបំផុតក្នុងវិស័យបាល់ទាត់ ដោយលោកធ្លាប់ដឹកនាំក្លឹប Barcelona, Bayern Munich និង Man City នាំមកជោគជ័យយ៉ាងណាខ្លាំងដោយធ្លាប់ឈ្នះពានតូចធំជាច្រើន។ ជាពិសេសក្នុងរយៈពេលដឹកនាំ Man City ៦ឆ្នាំកន្លងទៅនេះ លោកអាចនាំយកនូវពាន PL រហូតទៅដល់៤ដង នៅឡើយតែពាន Champions League ដែលលោកមិនទាន់យកបានឲ្យក្លឹបអង់គ្លេស៕