Man Utd កំពុងព្យាយាមបន្ដកុងត្រា Rashford ខ្លាចគេដណ្ដើមយកបាត់

ក្រុមបិសាចក្រហម Manchester United កំពុងពិភាក្សាដើម្បីស្វែងរកឱកាសក្នុងការបន្ដកុងត្រាថ្មីឱ្យខ្សែប្រយុទ្ធ Marcus Rashford បន្ថែមទៀត ក្រោយពីមានក្លឹបជាច្រើនចង់ចែចូវយករូបគេ។
ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំកំពុងធ្វើបានល្អមែនទែនឱ្យក្រុម Man Utd នារដូវកាលនេះ ក្រោយពីរកគ្រាប់បាល់បានជាបន្ដបន្ទាប់។ នារដូវកាលនេះ រូបគេរកបាន១៦គ្រាប់ហើយក្នុងការប្រកួតកន្លងមក ជាពិសេសជំនួបទល់ Liverpool , Arsenal និង Man City នៅ Premier League គឺរូបគេសុទ្ធតែរកបានគ្រាប់បាល់ទាំងអស់។ ជាមួយទម្រង់លេងដ៏ល្អបែបនេះហើយ ទើបបានជា Man Utd ចាប់ផ្ដើមមានក្ដីបារម្ភព្រោះខ្លាចមានគេទាក់ទងទិញផ្ដាច់កុងត្រាបាន។
ពេលនេះ ក្រុមការងាររបស់ Man Utd ចាប់ផ្ដើមចរចាបន្ដកុងត្រាថ្មីដល់កីឡាករអង់គ្លេសនេះបន្ថែមទៀតហើយ។ ដោយក្នុងនោះ កុងត្រាចាស់របស់គេនឹងអស់នៅត្រឹមរយៈពេល១៨ខែទៀត។ ជាមួយការស្នើកុងត្រាថ្មី Rashford អាចនឹងទទួលបានរហូតដល់ ៣០០ ០០០ផោនឯណោះក្នុង១សប្ដាហ៍ ដោយនេះជាតម្លៃខ្លួនខ្ពស់ក្នុងក្រុមផងដែរ៕