Man Utd ចង់បានកីឡាករជប៉ុន Kaoru Mitoma ពី Brighton

ក្រុមបិសាចក្រហម Manchester United ចង់បានកីឡាករ Kaoru Mitoma ពីក្រុម Brighton ក្រោយពីឃើញទម្រង់លេងរបស់គេឡើងជើងនារដូវកាលនេះ។
ខ្សែបម្រើជប៉ុនខាងលើជា Key Player សំខាន់មែនទែនរបស់ក្រុម Brighton នារដូវកាលនេះ។ ជាក់ស្ដែង ការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ក៏មានចំណែកធំពីរូបគេផងដែរ។ ទម្រង់លេងដ៏ល្អរបស់កីឡាករជម្រើសជាតិជប៉ុននេះ បានធ្វើឱ្យក្លឹបធំៗច្រើននៅអង់គ្លេស ចាប់អារម្មណ៍ និងកំពុងតាមដានជាខ្លាំង។ ជាក់ស្ដែងក្នុងនោះក៏មានក្រុមបិសាចក្រហម Manchester United មួយផងដែរ។
Mitoma ផ្លាស់មកលេងនៅក្រុម Brighton នេះកាលពីឆ្នាំ២០២១កន្លងទៅ ដោយផ្ទេរពីក្រុម Kawasaki Frontale ក្នុងតម្លៃខ្លួន ២,៧លានផោន។ រដូវកាលដំបូង រូបគេមិនបានលេងនោះទេ ដោយត្រូវដាក់ឱ្យក្រុម Union Saint-Gilloise នៅបែលហ្សិកខ្ចីជើង។ ដោយទើបរដូវកាលនេះ ទទួលបានឱកាសមកវិញនិងបង្ហាញទម្រង់លេងល្អមែនទែនឱ្យក្រុម Brighton តែម្ដង៕