Share this post:
ក្រុមបិសាចក្រហម Manchester United នឹងប្រឈមមិនអាចចូលលេងក្នុងពានរង្វាន់ UEFA Champions League បានឡើយ ប្រសិនបើវិនិយោគិននៅប្រទេសកាតា សម្រេចទិញក្លឹបនេះមែន។ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ប្រិយមិត្ដរបស់បិសាចក្រហម មានការអន្ទះសារចង់ដឹងជាខ្លាំងថា តើម្ចាស់ក្លឹបថ្មីរបស់ពួកគេជានរណា បន្ទាប់ពីម្ចាស់ក្លឹបបច្ចុប្បន្នគឺត្រកូល Glazers ជនជាតិអាមេរិក បានប្រកាសពីការដាក់លក់ក្លឹបយក្សរបស់អង់គ្លេសនេះ។
កាលពីថៃ្ងពុធ កន្លងទៅ សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ក្រុមវិនិយោគិន (QSI) ក្នុងប្រទេសកាតា មានបំណងក្នុងការទិញក្លឹបជើងឯកលីគកំពូលអង់គ្លេស ២០សម័យ ដោយហ៊ានឲ្យដល់ទៅ ៨ពាន់លានផោន និងផ្ដល់ដល់ Ten Hag នូវកញ្ចប់លុយដ៏ច្រើនដើម្បីទិញកីឡាករពង្រឹងក្រុមឡើងវិញ។
យ៉ាងណាក្ដី ប្រសិនបើ United ត្រូវបានទិញដោយវិនិយោគិនកាតា មែននោះ ពួកគេនឹងត្រូវប្រឈមអាចនឹងមិនបានលេងក្នុងពានរង្វាន់ធំជាងគេរបស់អឺរ៉ុបឡើយ ដោយសារតែក្រុមវិនិយោគិនទាំងនោះ ក៏កំពុងកាន់កាប់ក្រុមយក្សរបស់បារាំង Paris Saint Germain ដែរ។
ច្បាប់របស់ UEFA បានចែងថា៖ «ក្រុមពីរ កំពុងលេងក្នុងពានរង្វាន់ដូចគ្នា មិនអាចមានម្ចាស់គ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលតែមួយបានទេ»។
ដូច្នេះមានន័យថា ប្រសិនបើវិនិយោគិនរបស់កាតា ដែលមិនមែនមកពីក្រុម QSI (Qatar Sports Investments) ទេ គឺអាចទិញក្លឹបបិសាចក្រហមបាន ហើយពួកគេត្រូវតែបញ្ចុះបញ្ចូល UEFA ជុំវិញបញ្ហាខាងលើ៕