Messi អាចប៉ះ Ronaldo នៅខែមករាដើមឆ្នាំ២០២៣នេះ

ខ្សែប្រយុទ្ធ Lionel Messi អាចនឹងប៉ះជាមួយ Cristiano Ronaldo នៅខែមករាដើមឆ្នាំ២០២៣នេះ ក្នុងជំនួបក្រុម PSG ប៉ះក្រុម All Stars របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។
Ronaldo បានសម្រេចចិត្តចូលរួមជាមួយក្រុម Al Nassr របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតហើយកាលពីពេលថ្មីៗនេះ ជាមួយតម្លៃពលកម្មដល់ទៅ១៧៥លានផោនឯណោះក្នុង១ឆ្នាំ។ ការសម្រេចចិត្តផ្ទេរចេញពីលីគនៅអឺរ៉ុបនេះដែរ គឺមានន័យថា Ronaldo នឹងមិនមានវត្ដមានប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League ឬពានរង្វាន់ណាមួយទៀតនោះទេ។ មួយវិញទៀត សាមីខ្លួនក៏បានអះអាងថានៅអឺរ៉ុប ពានរង្វាន់ធំៗទាំងអស់គេសុទ្ធតែធ្លាប់ឈ្នះអស់ទៅហើយ ដូច្នេះមិនមានអ្វីដែលត្រូវចង់បន្ដទៀតឡើយ។
តែយ៉ាងណាមិញ ការប្រជែងជាមួយ Messi ហាក់នៅមិនទាន់បញ្ចប់នោះទេ។ ជាក់ស្ដែងនៅចុងខែមករាដើមឆ្នាំ២០២៣នេះ ក្រុម PSG នឹងត្រូវមកប្រកួតមិត្តភាពជាមួយក្រុម All Stars ប្រចាំនៅក្លឹប Al Nassr និង Al Hilal ។ នោះមានន័យថានេះជាឱកាសចុងក្រោយមួយទៀត ដែល Messi អាចនឹងចូលរួមប្រកួតនៅលើទីលានទល់ Ronaldo ហើយ៕