Pep អបអរ Man Utd ឈ្នះពានជាលើកដំបូង ក្រោយខកខាន៦ឆ្នាំ

លោក Pep Guardiola បានចូលរួមអបអរដល់ក្រុមរួមទីក្រុង Manchester United ដែលបានឈ្នះពានរង្វាន់ Carabao Cup និងជាពានរង្វាន់លើកដំបូងក្នុងរយៈពេល៦ឆ្នាំមកនេះ។
Man Utd ខកខានឈ្នះពានរង្វាន់ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ហើយអំឡុងពេលនោះដែរ Man City ឯណោះវិញ ក្រោមការដឹកនាំរបស់លោក Pep ឃើញថាទទួលបានផ្លែផ្កាល្អណាស់ ឈ្នះពានរង្វាន់ដល់ទៅ៩ឯណោះ ក្នុងនោះ Premier League ដល់ទៅ៤ដងទៅហើយ និង League Cup ៤ដងទៀត។ ក្រោយពីឃើញក្រុមបិសាចក្រហមអបអរពាន Carabao Cup ដែលជាពានដំបូងរបស់ពួកគេក្នុងរយៈពេល៦ឆ្នាំក៏បានធ្វើឱ្យលោក Pep ចូលរួមអបអរដូចគ្នា។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយថា៖ “អបអរ United សម្រាប់ការឈ្នះពាន Carabao Cup និងក៏អបអរដល់ Newcastle ដែលលេងបានល្អដូចគ្នា។ ការប្រកួតរបស់ពួកគេ ពិតជាល្អមើល។ ប្រសិនបើពួកគេ (United) ចំណាយប្រាក់បន្ថែមទៀត បាទ វានឹងក្លាយជាឱកាសមួយសម្រាប់ពួកគេក្នុងការប្រជែងពានដទៃទៀតមិនខាន។ ពួកគេនឹងក្លាយជាក្រុមដ៏ខ្លាំងមួយនៅអង់គ្លេសឡើងវិញ”៕