Phil Jones ផ្តល់បទសម្ភាសន៍រំជួលចិត្តមុនចាកចេញពី Man Utd ក្រោយស្នាក់នៅអស់ ១២ឆ្នាំ

ខ្សែការពារវ័យ ៣១ឆ្នាំដែលបានចូលរួមជាមួយក្លឹប Premier League ក្នុងឆ្នាំ២០១១ ពី Blackburn Rovers បានចាប់ផ្តើមលេងបានត្រឹមតែ ១៦ដងប៉ុណ្ណោះ ចាប់តាំងពីចុះកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះក្នុងខែកុម្ភៈ ឆ្នាំ២០១៩។
វាជាពេលវេលាដ៏គួរឱ្យសោកស្ដាយសម្រាប់អតីតកីឡាករជម្រើសជាតិអង់គ្លេសដែលបានសម្រេចចាកចេញពី Old Trafford នៅចុងរដូវកាលនេះ។ ក្នុងបទសម្ភាសន៍ចុងក្រោយដ៏រំជួលចិត្តមួយជាមួយនឹងប៉ុស្តិ៍ផ្លូវការរបស់ Manchester United នៅឯទីលានហ្វឹកហាត់របស់ក្លឹប និងនៅ Old Trafford ជាមួយនឹងក្រុមគ្រួសាររបស់គាត់ គាត់បាននិយាយថា៖
“វាពិតជាលំបាកខ្លាំងណាស់ ពីរបីឆ្នាំចុងក្រោយនេះ។ គ្មានអ្វីត្រូវបដិសេធទេ គ្មានអ្វីត្រូវលាក់លៀមនោះទេ។ គ្រួសាររបស់ខ្ញុំពិតជាទំនុកបម្រុងខ្ញុំគ្រប់បែបយ៉ាង ដើម្បីឲ្យខ្ញុំផ្តោតលើការប្រកួត ព្យាយាមហ្វឹកហាត់ និងព្យាយាមលេងឱ្យបានច្រើន។
ហើយអ្នកដឹងទេថាខ្ញុំនឹកការលេងបាល់ទាត់ ខ្ញុំនឹកវា អ្នកធំឡើងលេងបាល់ទាត់ ហើយអ្វីដែលអ្នកចង់ធ្វើគឺលេងបាល់ទាត់។ អ្វីគ្រប់យ៉ាងដែលខ្ញុំធ្លាប់ដឹងតាំងពីក្មេងមកគឺធ្វើអ្វីដែលអ្នកស្រឡាញ់ និងធ្វើដើម្បីជីវភាព។ ខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការធ្វើវា ទោះបីជា មិនច្រើនតាមដែលខ្ញុំចង់បានក៏ដោយ។
ខ្ញុំបានធ្វើការយ៉ាងលំបាកដោយមិនចេះនឿយហត់។ ខ្ញុំពិតជាមិនទុកការលំបាកចោលនោះទេ។ ខ្ញុំព្យាយាមត្រលប់មកវិញឱ្យបានលឿន តាមដែលខ្ញុំអាចធ្វើបាន រាល់ពេលដែលខ្ញុំចេញទៅក្រៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ខ្ញុំគិតថារឿងដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុត នោះ គឺការប្រកួតជាមួយ Wolves នៅពេលដែលខ្ញុំត្រលប់មកវិញ ក្រោយត្រឡប់ពីរបួសកាលពីរដូវកាលមុន។
នោះគ្រាន់តែជាពេលមួយប៉ុណ្ណោះដែលខ្ញុំមិនអាចភ្លេច។ វាធ្វើឱ្យខ្ញុំក្រៀមក្រំនៅពេលនេះ នៅពេលគិតអំពីវា។ ខ្ញុំចង់និយាយថា ខ្ញុំខំប្រឹងខ្លាំងណាស់ដើម្បីឈានដល់ដំណាក់កាលនៃការហាត់នោះ។
នោះជាពេលវេលាដ៏ធំធេងក្នុងអាជីពរបស់ខ្ញុំ និងអ្នកគាំទ្រ នៅថ្ងៃនោះ ពិតជាមិនគួរឲ្យជឿ។ សេចក្តីស្រឡាញ់ដែលពួកគេបានបង្ហាញខ្ញុំ សម្រាប់ការប្រកួតនោះ ចំណង់ចំណូលចិត្តដែលពួកគេបានបង្ហាញ គឺជាអារម្មណ៍រំភើប។ ហើយខ្ញុំមិនអាចអរគុណពួកគេគ្រប់គ្រាន់សម្រាប់ រឿងនោះទេ។ ពួកគេបានគាំទ្រឥតឈប់ឈរពេញមួយរយៈពេលរបស់ខ្ញុំនៅទីនេះ។”