Pochettino បានបដិសេធអស់ ៨ក្លឹប មុនសម្រេចចិត្តព្រមដឹកនាំ Chelsea

Mauricio Pochettino ត្រូវបានគេរាយការណ៍ថាបានច្រានចោលក្លឹបចំនួន៨ រួមទាំងក្លឹបនៅ Premier League ដូចជា Leeds United, Aston Villa និង Nottingham Forest មុនពេលយល់ព្រមក្លាយជាអ្នកចាត់ការទូទៅរបស់ Chelsea នៅរដូវកាលក្រោយ។
គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីនរូបនេះ គឺត្រូវបានក្លឹបផ្សេងៗចាប់អារម្មណ៍តាំងពីត្រូវបានក្លឹប Paris Saint-Germain បញ្ចប់តំណែងកាលពីរដូវក្តៅមុន។ យោងតាមអ្នកកាសែត Guillem Balague ថា ត្រូវបានក្លឹបអឺរ៉ុបចំនួនប្រាំបីទាក់ទងតាំងពីពេលនោះ។
អ្នកកាសែតបានអះអាងនៅក្នុងរបាយការណ៍របស់ BBC ថា៖
“គាត់មិនខ្វះការផ្តល់ជូនទេ ចាប់តាំងពីចាកចេញពីទីក្រុងប៉ារីសមក ប៉ុន្តែគ្មានក្រុមណាសាកសមដូច Chelsea នោះទេ ប្រាកដណាស់ក្នុងការ ចរចាជុំទីពីរនេះជាមួយក្លឹប។ គាត់ប្តេជ្ញាចិត្តដើម្បីធ្វើឱ្យប្រាកដថាគាត់បានជ្រើសរើសត្រឹមត្រូវ។ ដំបូងឡើយគាត់បានបដិសេធ Chelsea របស់ Boehly រហូតដល់គាត់ត្រូវបានផ្តល់ការគ្រប់គ្រងបន្ថែមទៀត”។
Balague បានបន្ថែមថា៖
“គាត់បានទទួលការទាក់ទងពី Benfica, Athletic Bilbao, Aston Villa និង Nottingham Forest។ Sevilla ក៏បានធ្វើការទាក់ទងដូច Villarreal, Nice និង Leeds United ដែរ។ ប៉ុន្តែបន្ទាប់ពីរយៈពេលប្រាំមួយឆ្នាំជាប់គ្នាក្នុងក្របខ័ណ្ឌ Champions League ឈានដល់វគ្គផ្តាច់ព្រ័ត្រមួយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយ។ គាត់ចង់ទៅក្លឹបមួយដែលគាត់ជឿជាក់ថានឹងអាចប្រជែងយកពាននេះបាន”៕