Share this post:
ខ្សែការពារ Sergio Ramos គឺជាគោលដៅទី២សម្រាប់ក្លឹប Al Nassr របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីពួកគេទើបតែប្រកាសយកបានកីឡាករ Cristiano Ronaldo ។
ក្លឹប Al Nassr កំពុងកែប្រែប្រវត្តិសាស្ត្របាល់ទាត់នៅអារ៉ាប់ប៊ីសាអូឌីតហើយ។ ពួកគេបាននាំយកលោក Rudi Garcia មកធ្វើជាគ្រូបង្វឹក ហើយនាំយកកីឡាករល្បីឈ្មោះដូចជា David Ospina និង Alvaro Gonzalez ជាដើមមករួមក្រុម។ ខណៈដែលចុងក្រោយនេះ ក៏ទើបនាំយក Ronaldo មកទៀត ដែលជាកីឡាករចុងក្រោយនៅឆ្នាំ២០២២និងមានតម្លៃខ្លួនខ្ពស់បំផុតដល់ទៅជាង២០០លានដុល្លារក្នុង១ឆ្នាំឯណោះ។
ក្នុងឆ្នាំ២០២៣នេះ ក្លឹបសេដ្ឋីខាងលើមិនទាន់ស្កប់ស្កល់ចិត្តនោះទេ។ ប្រភពជាច្រើនបានអះអាងថាក្លឹប Al Nassr នឹងបន្ដចរចាយក Sergio Ramos មកបន្ថែមទៀត។ កីឡាករលេងនៅក្លឹប PSG នៅសល់កុងត្រាត្រឹមដាច់រដូវកាលនេះទេ ដូច្នេះនេះជាឱកាសល្អមួយទៀតសម្រាប់ Al Nassr ក្នុងការចរចាផ្ដល់តម្លៃខ្លួនយកអតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញមកលេងនៅអាស៊ីទៀតហើយ៕