Rashford ថាអង់គ្លេសមកលេង World Cup នេះ មានមហិច្ឆតាធំណាស់

ខ្សែប្រយុទ្ធ Marcus Rashford បានអះអាងថាក្រុមជម្រើសជាតិអង់គ្លេស មកលេងពានរង្វាន់ FIFA World Cup 2022 នេះគឺមានមិហិច្ឆតាធំណាស់ មិនឱ្យអ្នកគាំទ្រខកបំណងនោះទេ។
Rashford រកបាន២គ្រាប់ម្នាក់ឯងជួយក្រុមអង់គ្លេសយកឈ្នះលើក្រុមវែលក្នុងលទ្ធផល ៣-០ ឯណោះក្នុងការប្រកួតបិទពូល B នៅយប់មិញ។ ជាមួយការឈ្នះនេះដែរ ក៏បានជួយឱ្យក្រុមអង់គ្លេសឈរកំពូលតារាង និងប៉ះក្រុមលេខ២ក្នុងពូល A ផងគឺសេណេហ្គាល់នៅវគ្គ១៦ក្រុមចុងក្រោយ។ អ្នកគាំទ្របានបង្ហាញការពេញចិត្តជាខ្លាំងចំពោះទម្រង់លេងរបស់ក្រុមតោកំណាចមួយនេះ ក្រោយពីឃើញសហការគ្នាល្អ ជាពិសេស Rashford តែម្ដង ដែលផ្ដោតទៅលើការប្រកួតបានខ្លាំងមែនទែន។
កីឡាករលេងនៅក្លឹបបិសាចក្រហម Manchester United បាននិយាយដែរថា៖ “នេះជាពេលវេលាដែលគ្រប់គ្នាចង់បាន។ វាជាការប្រកួតធំនិងល្អបំផុតសម្រាប់យើង។ ខ្ញុំសប្បាយចិត្តក្នុងការបានជួយក្រុមឡើងទៅវគ្គបន្ដ។ យើងមកទីនេះជាមួយមហិច្ឆតាធំមែនទែនសម្រាប់ក្រុមទាំងមូល”។
រំលឹកថាតាំងពី World Cup 2018 ដែលអង់គ្លេសបានលេខ៤មក ឃើញថាពួកគេមានទម្រង់លេងប្លែកនិងកាន់តែល្អឡើងហើយ។ កាលពី Euro 2020 កន្លងទៅ អង់គ្លេសបានត្រឹមជើងឯករងទៀតដោយចាញ់ប៉េណាល់ទីក្រុមអ៊ីតាលី។ ដូច្នេះនៅ World Cup 2018 ច្បាស់ណាស់អង់គ្លេស គឺជាក្រុមមិនអាចមើលរំលងបានទេក្នុងការប្រជែងពាន៕