Share this post:
ក្លឹប Real Madrid កំពុងមានភាគរយខ្ពស់ក្នុងការផ្ទេរយកខ្សែបម្រើអង់គ្លេស Jude Bellingham ពីក្លឹប Borussia Dortmud។
យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ភាគី Real និងភាគី Bellingham បានឯកភាពរួចរាល់ហើយនូវលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ។ យោងតាមប្រភពដដែល ក្លឹបអេស្ប៉ាញ នឹងទាក់ទង Dortmund ឆាប់ៗដើម្បីចរចាតម្លៃផ្ទេរ។ ពាក្យចចាមអារ៉ាមមួយចំនួនបានបង្ហាញថា Dortmund ចង់បានតម្លៃផ្ទេរប្រមាណ ១៣០ លានដុល្លារពី Real Madrid។
Bellingham បច្ចុប្បន្នមានវ័យ ១៩ ឆ្នាំ បាននិងកំពុងបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Dortmund តាំងពីចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០២០ មក។ កីឡាករលេងឲ្យក្លឹបអាល្លឺម៉ង់ ១៣១ លើក និងស៊ុតចូល ២៣ គ្រាប់។
កន្លងមក មានការលើកឡើងជាច្រើនដែលថា ក្លឹបធំៗអង់គ្លេសមួយចំនួនដូចជា Liverpool និង Manchester United ក៏ចង់ដណ្ដើម Bellingham ជាមួយ Real ផងដែរ។ ទោះជាយ៉ាងណា របាយការណ៍ចុងក្រោយមួយចំនួនបានអះអាងថា Bellingham ស្រលាញ់ ហើយពេញចិត្តចង់លេងឲ្យក្លឹបអធិរាជសតែមួយប៉ុណ្ណោះ៕