Ronaldo ឈ្នះពានរង្វាន់កិត្ដិយសមួយទៅហើយនៅខែដំបូងឱ្យ Al Nassr

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតក្នុងលីគអារ៉ាប់ប៊ីសាអូឌីតសម្រាប់ខែកុម្ភៈឆ្នាំ២០២៣នេះ ក្រោយពីរកបានគ្រាប់បាល់ដល់ទៅ៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២គ្រាប់។
Ronaldo វ័យ៣៨ឆ្នាំទើបតែចូលរួមជាមួយក្រុម Al Nassr កាលពីពេលថ្មីៗនេះទេ ជាមួយតម្លៃខ្លួនខ្ពស់កប់ពពកដល់ទៅជាង២០០លានដុល្លារក្នុង១ឆ្នាំឯណោះ។ នៅប៉ុន្មានប្រកួតបើកឆាកដំបូងខ្សែប្រយុទ្ធ Ronaldo ហាក់នៅមិនទាន់យល់ចិត្តជាមួយមិត្តរួមក្រុមនោះទេ ដោយពិបាកក្នុងការរកគ្រាប់បាល់។ ប៉ុន្តែនៅ៣ប្រកួតចុងក្រោយនេះ រូបគេធ្វើបានល្អមែនទែន ដោយរកបានដល់ទៅ៧គ្រាប់ឯណោះ ពោលគឺ៣ប្រកួតធ្វើបាន Hat-trick រហូតដល់ទៅ២ដង។
ការធ្វើបានល្អនេះហើយ ទើបបានជាធ្វើឱ្យអតីតកីឡាករ Manchester United រូបនេះមានឱកាសឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែកុម្ភៈនេះតែម្ដង។ មិនត្រឹមតែប៉ុណ្ណឹង បច្ចុប្បន្នរូបគេក៏កំពុងជួយ Al Nassr ឱ្យប្រជែងពានរង្វាន់លីគកំពូល Saudi Arabian league ផងដែរ៕