Ronaldo ទម្លាយថា ក្លឹបមួយនៅអារ៉ាប៊ីសាអ៊ូឌីតធ្លាប់មកចែចូវក្នុងថ្លៃសរុបជាង ៣០០លានដុល្លារអាមេរិក

ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ពិតជាធ្លាប់ទាក់ទងខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo មែន។ នេះបើតាមការបញ្ជាក់របស់ Ronaldo ក្នុងបទសម្ភាសន៍ជាមួយលោក Pier Morgan ដែលចាក់ផ្សាយនៅក្នុងថ្ងៃព្រហស្បតិ៍។
កាលពីរដូវក្ដៅឆ្នាំ២០២២នេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយទាក់ទងទិញ Ronaldo ក្នុងតម្លៃសរុប ៣០០លានអឺរ៉ូ ដោយកាលនោះស្មើនឹង ៣០០លានដុល្លារអាមេរិក។ ក្នុងនោះដែរ ៣០លាន ចូលទៅក្លឹបបិសាចក្រហម ២០លានចូលទៅភ្នាក់ងារនានា ហើយ ២៥០លានដុល្លារឱ្យ Ronaldo ដែលចែកជា ២រដូវកាល។
ទាក់ទិននឹងរឿងនេះដែរ Ronaldo បាននិយាយថា៖ «វាជារឿងពិត»។ លោកបាននិយាយថា អ្វីដែលជារឿងមិនពិតគឺ «សារព័ត៌មាននៅតែបន្តចុះផ្សាយថា ខ្ញុំជាសំរាម ដែលគេមិនត្រូវការខ្ញុំ»។
បន្ថែមពីនេះទៅទៀត Ronaldo បានថាខ្លួនទាត់ចោលនូវសំណើរបស់ក្លឹបនេះ ដោយសារតែខ្លួនចង់បន្តលេងជាមួយក្លឹប Manchester United៕