Share this post:
Cristiano Ronaldo ត្រូវបានដាក់ឲ្យស្ថិតនៅកៅអីបម្រុងក្នុងការប្រកួតដែលព័រទុយហ្គាល់ទម្លាក់ស្វីសចេញពី World Cup ប៉ុន្តែ Fernando Santos បញ្ជាក់ច្បាស់ៗថាពួកគេនៅតែមានទំនាក់ទំនងល្អធម្មតា។
Ronaldo ត្រូវបានដាក់ឲ្យស្ថិតកៅអីបម្រុង បន្ទាប់ពីលោក Santos សម្តែងការខកចិត្តចំពោះអាកប្បកិរិយារបស់ខ្សែប្រយុទ្ធរូបនេះក្នុងពេលប្តូរចេញអំឡុងពេលចាញ់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។
Santos បាននិយាយថាបញ្ហានេះត្រូវបានដោះស្រាយផ្ទៃក្នុងដោយស្ងប់ស្ងាត់ ប៉ុន្តែ Ronaldo ត្រូវបានទម្លាក់ទៅលេងជាកីឡាករបម្រុងសម្រាប់ការប៉ះគ្នានៅឯកីឡដ្ឋាន Lusail ដែលក្លាយជាកីឡាករបម្រុងជាលើកដំបូងក្នុងការប្រកួតដ៏សំខាន់របស់គាត់ចាប់តាំងពីឆ្នាំ ២០០៨ (៣១ ប្រកួត)។
Santos បានប្រាប់អ្នកយកព័ត៌មានថា៖
“វាជាអ្វីមួយដែលត្រូវបានកំណត់ ថាអ្នកណាចាប់ផ្តើមក្នុងការប្រកួតបន្ទាប់។ ខ្ញុំបានឆ្លើយរួចហើយនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញទាក់ទងនឹង Ronaldo។ វាមិនមានបញ្ហាអ្វីរវាងពួកយើងនោះទេ។
ខ្ញុំមានទំនាក់ទំនងល្អខ្លាំងជាមួយគាត់ ហើយខ្ញុំតែងតែមានទំនាក់ទំនងល្អនេះ។ ខ្ញុំបានស្គាល់គាត់តាំងពីគាត់នៅក្មេង និងនៅ Sporting CP ហើយបន្ទាប់មកគាត់បានចាប់ផ្តើមអភិវឌ្ឍខ្លួននៅក្នុងក្រុមជម្រើសជាតិ។ ទំនាក់ទំនងនេះនៅតែអភិវឌ្ឍទៅមុខ។ យើងជាមិត្តនឹងគ្នាជាច្រើនឆ្នាំ អ្វីៗមិនប៉ះពាល់ដល់យើងទេ។ របៀបដែលគាត់បានចូលមកលេងប្រកបដោយឆន្ទៈខ្ពស់ គាត់បានធ្វើជាគំរូប្រធានក្រុមដ៏អស្ចារ្យម្នាក់”៕