Ten Hag៖ Bruno ជាកីឡាករសំខាន់ខ្លាំងណាស់ក្នុងក្រុម Man Utd

លោក Erik ten Hag បាននិយាយថាខ្សែបម្រើ Bruno Fernandes ជាកីឡាករសំខាន់ខ្លាំងណាស់ក្នុងក្រុមបិសាចក្រហម Manchester United នារដូវកាលនេះ។
Bruno លេងយ៉ាងទៀងទាត់តែម្ដងក្នុងក្រុម Man Utd ក្នុងនាមជាប្រធានក្រុមផងដែរ ព្រោះខ្សែការពារ Harry Magurie ត្រឹមអង្គុយបម្រុងប៉ុណ្ណោះ។ ស្របពេលវត្តមានរបស់កីឡាករព័រទុយហ្គាល់ ក៏ជួយក្រុមបានខ្លាំងផងដែរ ពោលគឺមានគេមួយអាចចែកបាល់បានយ៉ាងល្អនៅតំបន់កណ្ដាល និងចុះមកជួយការពារបានច្រើនថែមទៀត។ លោក Ten Hag ដែលជាអ្នកចាត់ការក្រុមបានផ្ដល់ទំនុកចិត្តដល់គេខ្លាំងមែនទែន ក្រោយពីឃើញការខិតខំនិងការលេងបាល់យ៉ាងយល់ចិត្តគ្នាជាមួយសមាជិកក្រុមបែបនេះ។
លោក Ten Hag បានសរសើរដល់ Bruno ថា៖ “ក្នុងនាមជាប្រធានក្រុម គាត់ក្លាយជាកីឡាករគំរូនៅលើទីលាន និងដឹកនាំក្រុមលេងដោយទំនុកចិត្តផងដែរ។ គាត់មានសមត្ថភាពក្នុងការដឹកនាំក្រុម។ គាត់ពិតជាសំខាន់ខ្លាំងណាស់ក្នុងក្រុម និងយល់ពីបច្ចេកទេសលេងផងដែរ។ គាត់ជាកីឡាករគំរូល្អម្នាក់សម្រាប់កីឡាករដទៃទៀត”៕