Ten Hag ចង់ឱ្យអ្នកគាំទ្រនៅ Old Trafford ផ្ដល់កម្លាំងចិត្តឱ្យខ្លាំងក្នុងប្រកួតទល់ Barcelona

លោក Erik ten Hag ចង់ឃើញអ្នកគាំទ្រផ្ដល់កម្លាំងចិត្តឱ្យខ្លាំងថែមទៀត ក្នុងការប្រកួតទល់ក្រុម FC Barcelona នៅពាក់កណ្ដាលសប្ដាហ៍នេះ ពានរង្វាន់ Europa League ជើងទី២។
ក្រុមបិសាចក្រហម មានការប្រកួតញឹកមែនទែន។ ពួកគេនឹងបន្ដទៅប៉ះក្រុម Barcelona នៅជើងទី២នៃពានរង្វាន់ Europa League ទៀតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ជំនួបនេះដែរ នឹងត្រូវកាត់សេចក្ដីថាក្រុមណាឡើងទៅវគ្គបន្ដហើយ ព្រោះកាលពិជើងទី១កន្លងទៅនៅទឹកដីអេស្ប៉ាញ ពួកគេលេងស្មើគ្នាក្នុងលទ្ធផល ២-២។
លោក Ten Hag បាននិយាយថា៖ “យើងគិតពីមួយប្រកួតទៅមួយប្រកួត។ ថ្ងៃព្រហស្បតិ៍នេះ ជាការប្រកួតធំសម្រាប់ពួកយើង។ យើងត្រូវតែប្រយុទ្ធ អ្នកគាំទ្ររបស់យើងត្រូវតែធ្វើឱ្យកីឡដ្ឋាន Old Trafford ពោរពេញដោយការលើកទឹកចិត្ត ហើយយើងក៏ត្រូវរៀបចំគម្រោងនៃការប្រកួតឱ្យបានត្រឹមត្រូវផងដែរ”។ ក្រុម Man Utd នៅសល់ការប្រកួតច្រើនណាស់ ពោលគឺចប់ការប្រកួតជាមួយ Barcelona នេះទៅ ពួកគេនឹងបន្ដទៅលេង Carabao Cup ផ្ដាច់ព្រ័ត្រ ទល់ Newcastle United និងពាន FA Cup ជុំទី៥ ទល់ West Ham នៅត្រឹមខែនេះ៕